នារីម្នាក់មកលេងប្តីដែលជា​សន្តិសុខ​យាមផ្ទះលក់គ្រឿងសំណង់ ពេលដេកលក់ត្រូវម្ចាស់ផ្ទះបៀតបៀន​កេរ្តិ៍ខ្មាស

ចែករំលែក៖

ភ្នំពេញ​៖ នារី​ម្នាក់មកលេង​ប្តីដែលជា​សន្តិសុខ​យាម​ផ្ទះរបស់​ថៅកែលក់​គ្រឿងសំណង់ ហើយយប់ឡើងពេលនាងដេកលក់ក៏​ត្រូវបាន​ម្ចាស់ផ្ទះធ្វើ​សកម្មភាព បៀតបៀន​កេរ្តិ៍ខ្មាសគួរឱ្យស្អប់ខ្ពើមបំផុត។

​ហេតុការណ៍​នេះបានកើត​ឡើងកាលពីវេលាម៉ោង១០​និង៣០​នាទីយប់ថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០២២ នៅចំណុច​ក្បែរសណ្ឋាគារ​បាលី ផ្ទះ​លេខ២៥-២៦ តាម​បណ្ដោយផ្លូវ​បេតុង ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌសែន​សុខ ។​

​តាមសម្តីនារីរងគ្រោះដែលសុំមិន​បញ្ចេញ​ឈ្មោះបានប្រាប់ថា នាងមាន​អាយុ១៧ឆ្នាំ ជា​កម្មការិនីរោងចក្រ ស្នាក់នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុងសង្កាត់​កំបូល ខណ្ឌ​កំបូល និង​មាន​ប្តីជា​សន្តិសុខដែល​បានមកយាមនៅផ្ទះកើតហេតុនេះជិតកន្លះឆ្នាំមកហើយ។ នាពេលកន្លងមកនាងតែងតែ​មកលេងនិង​ដេកកំដរ​ប្តី​របស់​នាងនៅចំណុច​កើតហេតុ រាល់​ពេលដែលនាង​ទំនេរ​ពី​ការងារ គឺ​ដោយសារតែ​ប្តីប្រពន្ធ​របស់នាងស្នាក់នៅ​ផ្សេង​ពីគ្នា និង​រវល់​ធ្វើការមិនសូវជាមាន​ពេល​ជួបគ្នា​នោះទេ ។
​ប្រភព​ដដែលបានបន្តថា មុនកើតហេតុ ពេលនាងចេញពីធ្វើការបានបើក​ម៉ូតូមកលេង​ប្តី​របស់​នាងនៅត្រង់ចំណុច​កើត​ហេតុជាធម្មតាដូច​សព្វដង។ ពេលមកដល់ រូបនាងស្រាប់តែមាន​អាកា​រៈ​មិនសូវ​ស្រួលខ្លួន ។ ពេលនោះប្តី​របស់​នាងបានបើកឃ្លុប​រថយន្តមួយគ្រឿង ដែល​ចត​នៅខាងមុខផ្ទះ​កើតហេតុដើម្បីរៀបចំ​កន្លែង​ឱ្យនាងដេក រួច​នាងក៏បាន​ឡើងទៅសម្ងំ​ដេកលង់លក់​តែម្តង។ បន្ទាប់មកប្តី​របស់​នាងក៏បាន​ទៅ​អង្គុយបោក​ខោអាវនៅខាងមុខ​ផ្ទះដែល​នៅ​ទល់មុខ​នឹង​ផ្ទះកើតហេតុ ដោយ​ទុកឲ្យ​នាងដេក​តែម្នាក់ឯងនៅលើ​​រថយន្ត ។​លុះក្រោយមកស្រាប់តែ​បុរសជា​ម្ចាស់ផ្ទះដែលមានវ័យប្រមាណជា៥០ឆ្នាំបាន​បើករថយន្តដោយ​មិនដឹងថាទើប​តែ​មកពីណា​នោះទេ បានមក​ចតនៅខាងមុខ​ផ្ទះ ហើយ​បុរស​ជាម្ចាស់ផ្ទះនោះក៏បាន​ដើរទៅ​ជិត​នាងនិង​បានសួរ​មកនាងថា «បេះដូង​ខ្មៅ​ម្ល៉េះ បានជា​មិន​ទៅ​ជួយ​បោក​ខោអាវ​ប្តី» ។ ពេលពេលនោះនាងក៏បានភ្ញាក់ដឹងខ្លួនរួចឆ្លើយតប​ទៅ​បុរសជា​ម្ចាស់ផ្ទះ​វិញ​ថា ដោយសារតែ​នាងមិន​ស្រួលខ្លួន។ ពេលនោះបុរសជាម្ចាស់ផ្ទះបាន​បន្តទៀតថា «សូម​មើល​បេះដូងតិច​មើលពណ៌​អី​?» រួច​បុរសជា​ម្ចាស់ផ្ទះក៏បាន​ធ្វើ​សកម្មភាពលូកដៃ​ចូលក្នុង​អាវនាង ស្ទាប​ដើមទ្រូង​របស់​នាង។ ខណៈនោះនាងក៏​ព្យាយាម​ស្រែកហៅ​ប្តី​របស់​នាងដែរតែ​ដោយសារ​នាងឈឺកខ្លាំងពេកទើបស្រែក​មិនសូវឮ​នោះទេ ។ ស្រប​ពេលដែល​ប្តីរបស់​នាងក៏បាន​ងើប​ដើររកមើលនាងនោះ បុរសជា​ម្ចាស់ផ្ទះក៏បាន​ដើរចូលទៅខាង​ក្នុងផ្ទះបាត់ទៅ។​
​ក្រោយកើតហេតុនាងក៏បាន​និយាយ​រឿងរ៉ាវ​ប្រាប់ប្តី​របស់​នាង ទើប​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើលដល់​សមត្ថកិច្ចចុះមក​​សួរនាំ​តែម្ដង ហើយបុរសជា​ម្ចាស់ផ្ទះមិន​ព្រមចេញពីក្នុងផ្ទះ​នោះទេ ។

​បន្ទាប់ពី​កើតហេតុសមត្ថកិច្ចក៏បាន​នាំ​នារី​រងគ្រោះទៅកាន់​ប៉ុស្តិ៍នគរបាល​រដ្ឋបាលអូរ​បែកក្អមដើម្បី​ដាក់ពាក្យ​បណ្ដឹងឱ្យសមត្ថកិច្ចចាត់ការរឿងនេះបន្តតាមនីតិវិធី។

បើតាមសម្តីលោក​នាង​ ផល្លី​ នាយប៉ុស្តិ៍សង្កាត់អូរបែកក្អមបានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះថា ករណីនេះដែរត្រូវបានភាគីទាំងសងខាងសម្របសម្រួលគ្នាបញ្ចប់រឿងហើយដោយមិនមានការប្តឹងផ្តល់គ្នានោះទេ​៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print