ភ្នំពេញ៖ នារីម្នាក់មកលេងប្តីដែលជាសន្តិសុខយាមផ្ទះរបស់ថៅកែលក់គ្រឿងសំណង់ ហើយយប់ឡើងពេលនាងដេកលក់ក៏ត្រូវបានម្ចាស់ផ្ទះធ្វើសកម្មភាព បៀតបៀនកេរ្តិ៍ខ្មាសគួរឱ្យស្អប់ខ្ពើមបំផុត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅចំណុចក្បែរសណ្ឋាគារបាលី ផ្ទះលេខ២៥-២៦ តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
តាមសម្តីនារីរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា នាងមានអាយុ១៧ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងសង្កាត់កំបូល ខណ្ឌកំបូល និងមានប្តីជាសន្តិសុខដែលបានមកយាមនៅផ្ទះកើតហេតុនេះជិតកន្លះឆ្នាំមកហើយ។ នាពេលកន្លងមកនាងតែងតែមកលេងនិងដេកកំដរប្តីរបស់នាងនៅចំណុចកើតហេតុ រាល់ពេលដែលនាងទំនេរពីការងារ គឺដោយសារតែប្តីប្រពន្ធរបស់នាងស្នាក់នៅផ្សេងពីគ្នា និងរវល់ធ្វើការមិនសូវជាមានពេលជួបគ្នានោះទេ ។
ប្រភពដដែលបានបន្តថា មុនកើតហេតុ ពេលនាងចេញពីធ្វើការបានបើកម៉ូតូមកលេងប្តីរបស់នាងនៅត្រង់ចំណុចកើតហេតុជាធម្មតាដូចសព្វដង។ ពេលមកដល់ រូបនាងស្រាប់តែមានអាការៈមិនសូវស្រួលខ្លួន ។ ពេលនោះប្តីរបស់នាងបានបើកឃ្លុបរថយន្តមួយគ្រឿង ដែលចតនៅខាងមុខផ្ទះកើតហេតុដើម្បីរៀបចំកន្លែងឱ្យនាងដេក រួចនាងក៏បានឡើងទៅសម្ងំដេកលង់លក់តែម្តង។ បន្ទាប់មកប្តីរបស់នាងក៏បានទៅអង្គុយបោកខោអាវនៅខាងមុខផ្ទះដែលនៅទល់មុខនឹងផ្ទះកើតហេតុ ដោយទុកឲ្យនាងដេកតែម្នាក់ឯងនៅលើរថយន្ត ។លុះក្រោយមកស្រាប់តែបុរសជាម្ចាស់ផ្ទះដែលមានវ័យប្រមាណជា៥០ឆ្នាំបានបើករថយន្តដោយមិនដឹងថាទើបតែមកពីណានោះទេ បានមកចតនៅខាងមុខផ្ទះ ហើយបុរសជាម្ចាស់ផ្ទះនោះក៏បានដើរទៅជិតនាងនិងបានសួរមកនាងថា «បេះដូងខ្មៅម្ល៉េះ បានជាមិនទៅជួយបោកខោអាវប្តី» ។ ពេលពេលនោះនាងក៏បានភ្ញាក់ដឹងខ្លួនរួចឆ្លើយតបទៅបុរសជាម្ចាស់ផ្ទះវិញថា ដោយសារតែនាងមិនស្រួលខ្លួន។ ពេលនោះបុរសជាម្ចាស់ផ្ទះបានបន្តទៀតថា «សូមមើលបេះដូងតិចមើលពណ៌អី?» រួចបុរសជាម្ចាស់ផ្ទះក៏បានធ្វើសកម្មភាពលូកដៃចូលក្នុងអាវនាង ស្ទាបដើមទ្រូងរបស់នាង។ ខណៈនោះនាងក៏ព្យាយាមស្រែកហៅប្តីរបស់នាងដែរតែដោយសារនាងឈឺកខ្លាំងពេកទើបស្រែកមិនសូវឮនោះទេ ។ ស្របពេលដែលប្តីរបស់នាងក៏បានងើបដើររកមើលនាងនោះ បុរសជាម្ចាស់ផ្ទះក៏បានដើរចូលទៅខាងក្នុងផ្ទះបាត់ទៅ។
ក្រោយកើតហេតុនាងក៏បាននិយាយរឿងរ៉ាវប្រាប់ប្តីរបស់នាង ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកសួរនាំតែម្ដង ហើយបុរសជាម្ចាស់ផ្ទះមិនព្រមចេញពីក្នុងផ្ទះនោះទេ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចក៏បាននាំនារីរងគ្រោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អមដើម្បីដាក់ពាក្យបណ្ដឹងឱ្យសមត្ថកិច្ចចាត់ការរឿងនេះបន្តតាមនីតិវិធី។
បើតាមសម្តីលោកនាង ផល្លី នាយប៉ុស្តិ៍សង្កាត់អូរបែកក្អមបានឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះថា ករណីនេះដែរត្រូវបានភាគីទាំងសងខាងសម្របសម្រួលគ្នាបញ្ចប់រឿងហើយដោយមិនមានការប្តឹងផ្តល់គ្នានោះទេ៕
ដោយ៖ ជ្រោយពេជ្រ