ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់នៅនឹងកន្លែង ខណៈដែលធ្វើដំណើរតាមម៉ូតូមួយគ្រឿងហើយត្រូវរថយន្តម៉ាក TOYOTA RALLY មួយគ្រឿងបើកបោះពួយក្នុងល្បឿនលឿនជ្រុលទៅបុកពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា ។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ២និង៤០នាទី រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅតាមបណ្តោយផ្លូវបេតុងចូលមណ្ឌលឱកាសខ្ញុំ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យុវជនរងគ្រោះគេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុ ប្រមាណជិត២០ឆ្នាំ ជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ស៊េរីចាស់ ពាក់ស្លាកលេខ ភ្នំពេញ១AI-៤៤៩១ ។
តាមនគរបាលឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងរវាងរថយន្តម៉ាកTOYOTA RALLY មួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ២BM-៩៩៥០ បើកបរដោយបុរស ម្នាក់(គេចខ្លួនបាត់) បុកជាមួយនឹងម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ស៊េរីចាស់ ពាក់ស្លាកលេខ ភ្នំពេញ១AI-៤៤៩១ បើកបរដោយ ជនរងគ្រោះ។
តាមព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងខាងលើ ធ្វើដំណើរតាមផ្លូវបេតុង ក្នុងទិសដៅពីលិចទៅកើត។ នៅពេលមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តម៉ាកTOYOTA RALLY មួយគ្រឿងខាងលើធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសគ្នាមកបុកពេញទំហឹង បណ្តាលឱ្យយុវជនរងគ្រោះស្លាប់នៅនឹងកន្លែង ។ចំណែកម៉ូតូនិងរថយន្តបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ភ្លាមៗនោះអ្នកបើកបររថយន្តបានគេចខ្លួនបាត់។
បន្ទាប់ពីកើតមានគ្រោះថ្នាក់នគរបាលចរាចរណ៍បានចុះមកដល់ ហើយធ្វើការវាស់វែងយករថយន្តនិងម៉ូតូបញ្ជូន ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកសព ត្រូវបាននគរបាលបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តទឹកថ្លាដើម្បីរង់ចាំបងប្អូនសាច់ញាតិ៕ដោយនិនសុភ័ស្ត