ភ្នំពេញ ៖ រថយន្តដឹកខ្សាច់មួយគ្រឿង បានបើកឡើងសួនច្បារពុះចែកទ្រូងផ្លូវ ជ្រុលទៅបុកផ្លាកប៉ាណូមួយផ្ទាំង រលើងចេញពីដី រថយន្តដាច់កង់មុខទាំង២ទៅមុខលែងរួច តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី ២៤ ខែមិនា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ6A ត្រង់ចំណុចចន្លោះស្ពានទី១និងទី២ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹកខ្សាច់មួយគ្រឿងម៉ាក នីសសាន់ យូឌី ក្បាលពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A- 0703 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ តាមបណ្តោយផ្លូវជាតិលេខ6A ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបាន បានរ៉េចង្កូតមកឆ្វេងដៃ ឡើងសួនច្បារពុះចែកទ្រូងផ្លូវ ហើយរថយន្តមិនទាន់អស់ល្បឿន បន្តបុកផ្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម ១ផ្ទាំង រលើងចេញទាំងគល់ចេញពីដី ហើយរថយន្តបានបាក់ដាច់កង់មុខ ទាំង២ និងខូចខាតកាប៊ីនមុខផ្នែកខាងឆ្វេងទាំងស្រុង ភ្លាមនោះអ្នកបើកបរត្រូវសមត្ថកិច្ចឃាត់ខ្លួនផងដែរ។ ចំពោះករណីនេះមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃនោះទេ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការវាសវែង ស្ទួចយករថយន្តបង្កហេតុយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោញស្រាយតាមនីតិវិធីច្បាប់៕ដោយ រ៉ារ៉ា