ភ្នំពេញ៖ ស្ពានអាកាស និងផ្លូវក្រោមដីចោម ចៅ ដែលជាគម្រោងរបស់រាជរដ្ឋាភិ បាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ បានស្ថាបនារួចរាល់ ១០០%ហើយ ដោយគ្រោងនឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី៣១ មីនា ខាងមុខនេះ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក្រោយពីបានដាក់ អោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន បានប្រមាណជិត១ សប្តាហ៍។
នេះបើតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២២នេះ ។ ហើយនៅថ្ងៃ២៥ មីនា នេះ អាជ្ញាធរខណ្ឌពោធិសែន ជ័យ រួមជាមូយកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ មួយចំនួនទៀតក៏បានចុះពិនិត្យដល់ទីតាំងស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បីត្រៀមរៀបចំទីតាំងឲ្យបានស្អាតជាមុន ។
សូមបញ្ជាក់ថា៖ កន្លងមកនេះ ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ មីនា បានដឹកនាំមន្ត្រីជំនាញ ក៏ដូចជាក្រុមហ៊ុន ទទួលម៉ៅការសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនេះចុះពិនិត្យការដ្ឋាននេះម្តងហើយដែរ និងបានសម្រេចដាក់អោយបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន កាលពីថ្ងៃទី២០ មីនា។ អ្វីដែលជាគម្រោង នៅថ្ងៃទី៣១ មីនា ខាងមុខនេះ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅខាងលើនេះ នឹងបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី។ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ខែនិងចំណាយថវិការសាងសង់ប្រមាណ២២លានដុល្លាអាមេរិក។
ផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ការដ្ឋាននេះ ត្រូវសាងសង់ដោយបែងចែកជា៣ផ្នែកគឺ ស្ពានទី១ ជាស្ពានអាកាសមេតភ្ជាប់ចរាចរ ពីមហាវិថីសហព័ន្ធរុស្ស៊ី មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ៤០៨ ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ ដែលមានចរាចរពីរគន្លងទៅនឹងពីរគន្លងមកជម្រាលស្ពាន៤,៥ម៉ែត្រ និងមានកម្ពស់អតិបរមាដែលអាចចរាចរក្រោមស្ពានមាន៥,៥ម៉ែត្រ។ស្ពានទី២ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៊ីឆ្ពោះទៅវេងស្រេង សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត មានប្រវែងសរុប២០២ម៉ែត្រ (ស្ពានអាកាស ប្រវែង៤០ម៉ែត្រ ផ្លូវក្រោមដី ប្រវែង១១៨ម៉ែត្រនិងផ្លូវលើដីប្រវែង ៤៤ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ។
ស្ពានទី៣ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៣ មានប្រវែងសរុប ២០៦ម៉ែត្រ (ស្ពានអាកាសប្រវែង៦០ម៉ែត្រ ផ្លូវក្រោមដីប្រវែង១១៨ម៉ែត្រ និងផ្លូវលើដីប្រវែង២៨ម៉ែត្រ) ទទឹង៥,២៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។
ផ្លូវនិងផ្លូវក្រោមដី ជាផ្លូវកោង តភ្ជាប់ចរាចរពីផ្លូវវេងស្រេង មកផ្លូវជាតិលេខ៤ មានប្រវែងសរុប ១៣០ម៉ែត្រ (ផ្លូវក្រោមដី ប្រវែង១៣ម៉ែ ត្រ និងផ្លូវលើដីប្រវែង១១៧ម៉ែត្រ) ទទឹង៨, ៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដី ជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ សម្រាប់ចរាចរមួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ល្បឿនសុវត្ថិភាព ៤០គីឡូ ម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ទទឹង៨,៥ម៉ែត្រ ។ ល្បឿនសុវត្ថិភាព ២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង សម្រាប់ផ្លូវទទឹងទំហំ ៥,២៥ម៉ែត្រ និងទំហំ៥,៥ម៉ែត្រ ។
ស្ពាននឹងមានអាយុកាល១០០ឆ្នាំ មានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិផងដែរ។
បើតាមមន្ដ្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះ បានបើកការដ្ឋានដំណើរការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩មិថុនា ឆ្នាំ២០១៨កន្លងមក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ហើយគ្រោងនឹងបើកសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាពសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែន នាយករដ្ឋមន្ត្រីនាថ្ងៃទី៣១មីនា ខាងមុខនេះ៕
ដោយ៖ សំរិត