ខេត្តកំពង់ចាម÷នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិ បាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធី សម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំមហាខ្ញូង និងប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ លោក អភិបាល ខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀន កម្លាំងនគរបាលប៉ុស្តិ៍ មេភូមិ និងប្រជាការពារ ឱ្យបង្កើនការពង្រឹងការអនុវត្តគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព និងការបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ និងបុិនប្រសព្វប្រកបដោយគតិបណ្ឌិត។
លោកអភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរចំពោះស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលក្នុងនោះប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងខេត្តសរុប ចំនួន ១០៩ គឺទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ លើការប្រឡងប្រណាំងភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព សម្រាប់ឆ្នាំ២០២១៕
ដោយ៖ សូរិយា