លោក Konstantin Sivkov បណ្ឌិតវិទ្យាសាស្ត្រយោធា និងជាអនុប្រធានមជ្ឈណ្ឌលវិទ្យាសាស្ត្រមីស៊ីលរុស្ស៊ីបានលើកឡើងថា រុស្ស៊ីមានអាវុធទំនើបបំផុតពីរប្រភេទ អាចកម្ទេចចក្រភពអង់គ្លេសទាំងមូលក្នុងមួយប៉ប្រិចភ្នែក។
លោក Konstantin Sivkov បញ្ជាក់ថា «យើងកំពុងតែនិយាយពីនាវាមុជទឹក Poseidon និងមីស៊ីល Sarmat បំពាក់ក្បាលគ្រាប់បរមាណូដែលមានរហស្សនាមថា «អាវុធថ្ងៃអវសាន្ត»ដោយមានកម្លាំងបំផ្លាញខ្លាំងបំផុត ។ លោកបន្តទៀតថា អាវុធនោះនឹងបង្កការខូចខាតយ៉ាងខ្លំាង ប្រសិនបើពិភពលោកអនុវត្តច្បាប់«ពិភពលោកមិនមានរុស្ស៊ី»។ បច្ចុប្បន្នលោកខាងលិចកំពុងអនុវត្តយុទ្ធសាស្ត្រពិភពលោកគ្មានរុស្ស៊ី ដោយឡោមព័ទ្ធសេដ្ឋកិច្ច និងកាត់ផ្តាច់ទំនាក់ទំនងរុស្ស៊ីជាមួយខាងក្រៅ។
លោក Konstantin Sivkov បញ្ជាក់ថា នាវាមុជទឹក Poseidon ត្រូវបានបំពាក់មីស៊ីលបុកដើរដោយថាមពលបរមាណូ និងក្បាលគ្រាប់មានទម្ងន់ពី១០-១៥តោន មានកម្លាំងផ្ទុះរាប់សិបមេហ្គាតោន(Megaton)។តាមរង្វាស់កម្លាំងផ្ទុះ (១មេហ្គាតោន ស្មើនឹង១លានតោន TNT) ។
មីស៊ីល និងមីស៊ីលបុកបំពាក់ក្បាលគ្រាប់បរមាណូ (thermonuclear) មានល្បឿនលឿនអាចវាយប្រហារនៅឆ្នេរសមុទ្រអាមេរិកឬប្រទេសមានឆ្នេរសមុទ្រ។ គ្រាប់បែកបរមាណូនេះពេលផ្ទុះនៅឆ្នេរសមុទ្រអាចបង្កឱ្យមានរលកយក្សស៊ូណាមិធំបំផុត អាចបំផ្លាញឆ្នេរសមុទ្រអាមេរិកក្នុងបរិវេណពី១០០០-១៥០០គីឡូម៉ែត្រ។
លោក Konstantin Sivkov បញ្ជាក់ថា នាវាមុជទឹកនេះពិតជាបង្កគ្រោះថ្នាក់ដល់ចក្រភពអង់គ្លេស ។ លោកបន្តទៀតថា ប្រសិនបើគ្រាប់បែកបរមាណូនោះផ្ទុះនៅមហាសមុទ្រអាត្លង់ទិក នឹងបង្កឱ្យមានមហារលកយក្សសូ៊ណាមិ ចែកចេញជាពីរទិស មួយទៅកាន់ទឹកដីអាមេរិក និងទិសមួយទៀតទៅកាន់អឺរ៉ុបនិងប្រទេសអង់គ្លេស។ ក្នុងពេលមហារលកយក្សស៊ូណាមិចូលទៅកាន់ទឹកដីអង់គ្លេស នឹងកួចយកទៅអ្វីគ្រប់យ៉ាង៕ ដោយធីរីណា
(ប្រភព៖ ក្រសួងការពារជាតិរុស្ស៊ី)