ភ្នំពេញ : នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានក្រុមការងារដើម្បីសិក្សានិងរៀបចំផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ បានដឹកនាំរៀបចំសិក្ខាសាលាពិគ្រោះយោបល់បច្ចេកទេសកម្រិតអន្តរក្រសួងលើការរៀបចំសេចក្ដីព្រាង “ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២២-២០៣៥” ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី, និង លោក-លោកស្រី មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២២-២០៣៥ មានចក្ខុវិស័យប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍គុណភាពឈានមុខគេនៅក្នុងតំបន់ផ្នែកទេសចរណ៍វប្បធម៌ និងជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញដោយរក្សាបាននូវអត្តសញ្ញាណភាពជាខ្មែរ និងមានទិសដៅចាប់យកភ្ញៀវទេសចរអន្តរជាតិ ចំនួន ១២ លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងចំនួន ៣៦ លាននាក់ត្រឹមឆ្នាំ២០៣៥។
ផែនការយុទ្ធសាស្រ្តជាតិអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០២២-២០៣៥ ដាក់ចេញនូវ យុទ្ធសាស្ត្រគោលចំនួន ២ គឺ៖
ទី១/.យុទ្ធសាស្ត្រលើកកម្ពស់ភាពប្រកួតប្រជែងទេសចរណ៍
ទី២/.យុទ្ធសាស្ត្រលើកកម្ពស់និរន្តរភាព និង
បរិយាប័ន្ននៃការអភិវឌ្ឍទេសចរណ៍ ដែលក្នុងនោះមានយុទ្ធសាស្ត្រចំនួន ៨ ជាអាទិ៍ ៖
(១.)ការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយនវានុវត្តន៍ ភាពច្នៃប្រឌិត និងភាពជាខ្មែរ
(២.)ការសិក្សាទីផ្សារ ផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍
(៣.)ការពង្រឹងគុណភាព និងសុវត្ថិភាពក្នុងវិស័យទេសចរណ៍
(៤).ការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍
(៥).ការតភ្ជាប់និងការសម្រួលការធ្វើដំណើរទេសចរណ៍
(៦).ការលើកកម្ពស់ភាពជាខ្មែរក្នុងវិស័យទេសចរណ៍
(៧).ការលើកកម្ពស់និរន្តរភាពសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងការគ្រប់គ្រងផលប៉ះពាល់ជាអវិជ្ជមានពីវិស័យទេសចរណ៍
និង (៨).ការលើកកម្ពស់និរន្តរភាពបរិស្ថាន និងធនធានធម្មជាតិឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ។
សិក្ខាសាលានេះទទួលបានធាតុចូលសំខាន់ៗបន្ថែមទៀតពីក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីឱ្យក្រុមការងារយកមកែសម្រួលមុនដឹងដាក់ឆ្លងថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩, គណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍, និរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យ និងសម្រេចដ៏ខ្ពង់ខ្ពស់នាពេលខាងមុខ ៕
ដោយ : សិលា