ភ្នំពេញ : នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាន បញ្ជាក់ឱ្យដឹងថា, លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការ នៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA) ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
តបតាមការអញ្ជើញរបស់លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃ អង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (OIF) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រ កម្ពុជា និងដឹកនាំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍ (MECA) ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។
នៅក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការនៅកម្ពុជា លោកស្រី ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រី នឹងជួបពិភាក្សាការងារផងដែរជាមួយ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន សំដៅពង្រឹងនិងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា នឹងអង្គការ OIF។ លោកស្រីអគ្គលេខាធិការនឹងចូលរួមជាអធិបតីជាមួយលោកស្រីបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដឹកនាំជំនួបជាមួយសហគ្រិនជាស្ត្រីកម្ពុជា។
នៅក្នុងក្របខ័ណ្ឌនៃបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកស្រី ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកកម្មវិធី និង ចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិបត្តិការវាងស្ថាប័នវិជ្ជាជីវៈសេដ្ឋកិច្ច នឹងពាណិជ្ជកម្ម។
បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីលើកដំបូងនៅអាស៊ីអាគ្នេយ៍នេះ សហការរៀបចំដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការ OIF មានបំណងលើកកម្ពស់ ជំរុញ និងសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្មនៅក្នុងតំបន់សេដ្ឋកិច្ចហ្វ្រង់កូហ្វូន តាមរយៈកិច្ចសហប្រតិបត្តិការថ្មីរវាងប្រទេសកម្ពុជា នឹងស្ថាប័នហ្វ្រង់កូហ្វូន។ ជំនួបទាំងនេះ នឹងផ្តោតសំខាន់ជាពិសេសទៅលើវិស័យចម្បងៗចំនួនបី រួមមាន វិស័យឌីជីថល ថាមពលកកើតឡើងវិញ និងកសិ-ឧស្សាកម្ម * តួអង្គជាង១៣០នាក់ មកពីស្ថាប័នសាធារណៈ និងវិស័យពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមហ៊ុនអន្តរជាតិហ្វ្រង់កូហ្វូនជិត ៧០ក្រុមហ៊ុន នឹងចូលរួមក្នុងព្រឹត្តិកាណ៍នេះ។
នៅក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ នឹងអញ្ជើញដាក់កម្រងផ្កានៅមណ្ឌលតម្កល់ព្រះបរមរូប ដើម្បីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាបិតាស្ថាបនិកមួយរូបក្នុងចំណោមបិតា ស្ថាបនិកនៃអង្គការ OIF៕
ដោយ : សុខ ខេមរា