ខេត្តកំពង់ឆ្នាំង : ប៉ុន្មានថ្ងៃនេះ គណៈបញ្ជាការឯកភាពខេត្តកំពង់ឆ្នាំងបានដឹកនាំបង្ក្រាបបទល្មើសជលផលយ៉ាងសស្រាក់សស្រាំ ដោយប្រមូលបានឧបករណ៍ល្មើសច្បាប់ជាច្រើនយកទៅកម្ទេចចោល ។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាដាច់ណាត់ឱ្យអភិបាលខេត្តជុំវិញបឹងទន្លេសាប ក៏ដូចរដ្ឋមន្ត្រីត្រូវបង្ក្រាបឱ្យអស់ចំពោះបទល្មើសនេសាទ។ ដូច្នេះហើយទើបអាជ្ញាធរខេត្តកំពង់ឆ្នាំងយ៉ាងហោចណាស់ក៏ប្រើប្រាស់កម្លាំងជិត១០០នាក់ដែរចុះបង្រ្កាប ហើយទទួលបានលទ្ធផលគួរជាទីមោទនភាពតាមបទបញ្ជានាយករដ្ឋមន្ត្រី។
នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងចម្រុះបានចាប់ឃាត់ខ្លួនបានហើយឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិវៀតណាមនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីលោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃនេះ។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលម្អិតថា, ក្រុមចម្រុះខេត្កកំពង់ឆ្នាំង រួមមានអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អាជ្ញាធរខេត្ត និងព្រះរាជអាជ្ញាខេត្តបានឃាត់ខ្លួនឈ្មួញទិញត្រីឆក់ត្រជាក់ឈ្មោះ ហ៊ី ប៊ុនធី ជាជនជាតិវៀតណាម ភេទប្រុស អាយុ២៧ឆ្នាំ នៅចំណុចកោះមនោ ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៣និង៣០ នាទី។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានបន្តថា ក្រុមអ្នកឆក់ត្រីទាំងនេះនៅតែលបលួចធ្វើសកម្មភាពឆក់ត្រីនៅបឹងទន្លេសាប, តើអ្នកស្មានថាគេធ្វើលេងឬ? បើអ្នកនៅបន្តធ្វើយ៉ាងដូច្នេះទៀតនោះមានន័យថា អ្នកយកគុកធ្វើជាផ្ទះហើយ ៕
ដោយ : សិលា