ភ្នំពេញ៖ ជនសង្ស័យចំនួន២នាក់បានធ្វេីសកម្មភាពចូលឆក់ទូរស័ព្ទពីស្ត្រីម្នាក់បានសម្រេចកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅចំណុចមុខបុរីព្រីនថោម ភូមិព្រៃសិលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ហេីយព្យាយាមគេចខ្លួនរហូតទៅដល់ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោមត្រូវបានជនរងគ្រោះនិងប្រជាពលរដ្ឋដេញឃាត់បានភ្លាមៗប្រគល់ជូនសមត្ថកិច្ចចាត់ការតាមច្បាប់។
ជនសង្ស័យទី១ ឈ្មោះភ័ក្ត្រ ភេទប្រុសអាយុ៣២ឆ្នាំ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ទី២ឈ្មោះ ម៉ងថាន ភេទប្រុសអាយុ៣១ឆ្នាំ ស្នាក់នៅភូមិ ព្រៃទាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះឈ្មោះ ញឹមស្រីប្រុច អាយុ៣១ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅចំណុចមុខបុរីព្រីនថោម ភូមិព្រៃសិលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្តីជនរងគ្រោះបានឱ្យដឹងថា មុនពេលកេីតហេតុខណៈគាត់កំពុងអង្គុយចុចទូរស័ព្ទនៅក្នុងផ្ទះលក់ដូរស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគីរី 1B 0798 ឌុបគ្នាមកឈប់នៅខាងមុខផ្ទះរបស់គាត់ដោយម្នាក់អង្គុុយខាងក្រោយបានចុះពីលេីម៉ូតូរួចដេីរមកខាងក្នុងផ្ទះរបស់គាត់ឆក់យកទូរស័ព្ទរបស់គាត់ម៉ាកវីវ៉ូ បានសម្រេចរត់ឡេីងជិះម៉ូតូព្យាយាមគេចខ្លួន។
ជនរងគ្រោះបានបន្តថា ភ្លាមនោះរូបគាត់បានជិះម៉ូតូដេញតាមពីក្រោយនឹងស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាដេញតាមរហូតមកដល់ភូមិចាក់ជ្រូក ដោយសារតែស្ថានភាពផ្លូវជង្ហុកច្រេីនធ្វេីឱ្យជនសង្ស័យដួលម៉ូតូទេីបត្រូវប្រជាពលរដ្ឋឃាត់បានតែម្តង។
ក្រោយកេីតហេតុសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យយកទៅធ្វេីការសាកសួរនៅផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមច្បាប់៕
ដោយ៖សុខាសែនជ័យ