ខេត្តបន្ទាយមានជ័យ : ប្រភពពីប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ បានអោយដឹងថា , លោក លី ចាន់ដេត ដែលគេស្គាល់ថាជាមន្ត្រីនគរបាលផង ជាថៅកែធ្យូងដ៏ធំប្រចាំខេត្តបន្ទាយមានជ័យផង បាននាំធ្យូងចេញទៅលក់នៅថៃមួយថ្ងៃៗរាប់រយតោនដោយឆ្លងកាត់តាមច្រករបៀងប្រាសាទតាបែន ខេត្ត បន្ទាយមានជ័យ ទៅកាន់ទឹកដីថៃ។
ប្រសិនបើ លោក លី ចាន់ដេត ជាមន្ត្រីនគរបាលផង ជាមេឈ្មួញ នាំធ្យូងចេញទៅក្រៅប្រទេស(ថៃ) មួយថ្ងៃៗរាប់រយតោន តើអាជ្ញាធរខេត្ត សាមីអង្គភាពនគរបាល ខាងជំនាញរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ មានវិធានការ ទប់ស្កាត់ បង្ក្រាបទេ?
ពាក់ព័ន្ធក្នុងករណីនេះ ប្រជាពលរដ្ឋសុំសួរថា តេីការនាំធ្យូងចេញទៅក្រៅប្រទេសមួយថ្ងៃៗរាប់រយតោនបែបនេះ ស្របច្បាប់ដែរឬទេ ហើយស្ថាប័នណាគ្រប់គ្រងលេីការនាំធ្យូងចេញនេះ ? នេះជាដំណឹងបឋម ដែលអង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” ដែលទទួលបានពីប្រភពប្រជាពលរដ្ឋ ហើយសង្ឃឹមថា, សមត្ថកិច្ច អាជ្ញាធរ ជំនាញរដ្ឋបាលព្រៃឈើ មានវិធានការ ស៊ើបអង្កេតស្រាវជ្រាវ រកឱ្យឃើញនូវបទល្មើសខាងលើនេះ ដោយសារដែរ ការដឹកជញ្ជូនឃ្យូងទៅកាន់ប្រទេសថៃ គឺជាការកាប់បំផ្លាញព្រៃឈើយ៉ាងខ្លាំងនៅក្នុងចិត្តដីកម្ពុជា និងបង្កើត ឡធ្យូង ដ៏ច្រើនសន្ធឹកសន្ធាប់ ។ ជាពិសេសធ្យូងគឺមានទីផ្សារខ្លាំងបំផុតនៅក្នុងទឹកដីថៃ ប៉ុន្តែត្រូវបានវិនាសហន្តរាយចំពោះធនធានធម្មជាតិព្រៃឈើរបស់ប្រទេសជាតិយើង ៕
ដោយ : សិលា