សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយចំពោះ មន្ទីរពេទ្យព្រះអង្គឌួង ដែលបានដាក់ឱ្យដំណើរការប្រព័ន្ធ បច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានអ្នកជំងឺ

ចែករំលែក៖

ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្ងៃនេះសម្តេច ពិតជារីករាយដែលបានអញ្ជើញចូលរួមសម្ពោធដាក់ឱ្យ ប្រើប្រាស់អគារព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់ក មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ នៅមន្ទីរពេទ្យព្រះអង្គ ឌួង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំនេះជាខួប២៥ឆ្នាំ នៃទំនាក់ទំនងកម្ពុជា និងសាធារណៈរដ្ឋកូរ៉។ ខួប២៥នៃ ទំនាក់ទំនង មានសមិទ្ធផលជាច្រើនត្រូវបានបើកការដ្ឋាន សាងសង់ និងសម្ពោធឱ្យប្រើប្រាស់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អគារព្យាបាលជំងឺ ត្រចៀក ច្រមុះ និងបំពង់ក មិត្តភាពកម្ពុជា និងសាធារណៈ រដ្ឋកូរ៉េ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ គឺជា សមិទ្ធផលកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការល្អរវាងកម្ពុជា និងសាធារណៈរដ្ឋកូរ៉េ។
សម្តេចតេជោថ្លែងបែបនេះ ខណៈសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមជា ស្ថាបនិកផ្សារភ្ជាប់ឡើងវិញ នៃទំនាក់ទំនង និង សាធារណៈរដ្ឋកូរ៉េ សម្តេចពិតជាមានមោទនភាព ចំពោះ ទំនាក់ទំនងនេះ បាននាំឱ្យមានសមិទ្ធផលជាច្រើន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងរម្លឹកថា , ៤៧ឆ្នាំ ដែល សម្ដេចបានរងពិការភ្នែក។ សម្ដេចតេជោ បានថ្លែងថា ក្រៅតែពីភ្នែក សម្ដេចក៏មានបញ្ហាត្រចៀកខាងស្តាំផងដែរ ដោយសារតែការប្រើប្រាស់អាវុធដែលគេតម្រូវឱ្យបាញ់ ត្រឹម៥គ្រាប់ តែសម្តេចបានបាញ់រហូតដល់ ១២គ្រាប់។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងគ្រូពេទ្យនៅទូទាំង ប្រទេស ដែលបានប្រឹងប្រែងជម្នះការរីករាលដាលជំងឺកូ វីដ១៩ រយៈពេល ជាង២ឆ្នាំកន្លងទៅនេះ។
សម្ដេចក៏មានប្រសាសន៍ផងដែរថា, កន្លងទៅរាជរដ្ឋាភិបាលបានជ្រើសរើស ផ្នែកគ្រូបង្រៀននិងក្រុមគ្រូពេទ្យ រហូតដល់ក្រុមគ្រូពេទ្យជ្រើសរើសចំនួន 4000 នាក់ ដើម្បីចូលបម្រើជួយដល់ផ្នែកសេវា ពិនិត្យព្យាបាលជំងឺកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វេលានេះកាលពី ឆ្នាំ២០២១ គឺជាពេលដ៏លំបាកសម្រាប់កម្ពុជា ដោយសារ ការឆ្លងជំងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ តែឆ្នាំនេះ មានស្ថានភាពល្អប្រសើរ។
សម្ដេចបានមានប្រសាសន៍ថា, ឆ្នាំនេះប្រជាពលរដ្ឋនឹងមានឱកាសសប្បាយក្នុងការចូលឆ្នាំថ្មីប្រពៃណីជាតិរបស់យើង ខណៈពីរឆ្នាំកន្លងទៅយើងមានការខកខានដោយសារជំងឺកូវីដ19។ ប៉ុន្តែសម្ដេចក៏មានការសោកស្ដាយ ចំពោះឆ្នាំនេះ ប្រជាពលរដ្ឋយើងបានទៅសប្បាយគ្រប់ទីកន្លែងក៏ពិតមែន ប៉ុន្តែអ្វីដែលលំបាកនោះ ត្រង់ថាសាំងឡើងថ្លៃ ហើយករណីសាំងឡើងថ្លៃនេះ មិនមែនដោយសារស្ថានភាពនៅក្នុងប្រទេសយើងទេ គឺដោយសារតែបញ្ហាវិបត្តិសង្គ្រាម រវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន។ សម្ដេចបានលើកឡើងថា, សម្ដេចក៏អញ្ជើញដើរលេងអត់ដែរសម្រាប់ចូលឆ្នាំថ្មីនេះ ហើយឮដំណឹងថានៅខេត្តព្រះសីហនុសណ្ឋាគារត្រូវបានកក់អស់ហើយ ។ ដោយឡែកនៅខេត្តសៀមរាបវិញ គ្រាន់តែសម្ដេចត្រូវអញ្ជើញទៅសម្ពោធផ្លូវនៅថ្ងៃទី 4 ខែមេសា ក៏ទទួលដំណឹងថា សណ្ឋាគារនៅខេត្តសៀមរាប ក៏កក់អស់ដែរ ពីព្រោះបងប្អូនប្រជាពលរដ្ឋយើង ចង់ទៅលេងខេត្តសៀមរាប ចង់ទៅមើលផ្លូវដែលទើបស្ថាបនាថ្មី ៕


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print