.(តពីលេខមុន)
នៅថ្ងៃដដែលនោះ វេលាល្ងាចស្ដេចមាឃត្រូវដាក់រាជ្យ។ ចំណែកឯរាស្រ្តដែលមានទំនៀមធ្វើដូចជាទំនៀមសត្វដែរនោះ ក៏នៅមានធ្វើតាមភូមិខ្លះៗ ដែលឡើយគ្រាន់តែហៅឈ្មោះផ្សេងៗទៅតាមស្រុកតែប៉ុណ្ណោះ។ ពិធីដដែលនេះអ្នកស្រុកច្រើនហៅថា” បូជាភ្លើង” ពូនភ្នំស្រូវ ឬ ដុតភ្នំស្រូវ។ ឯរបៀបធ្វើទៀតសោតក៏មានរបៀបខុសគ្នាដោយស្រុកដែរ។ សេចក្តីអធិប្បាយខាងក្រោមនេះគ្រាន់តែជាតួយ៉ាង១ រកសង្ខេបនៃពិធីដែលធ្លាប់មានគេធ្វើញឹកញយជាងគេតែប៉ុណ្ណោះ។
គ្រួសារម្នាក់ៗ នាំគ្នាយកស្រូវថ្មីមួយកញ្ជើៗ ទៅចាក់លើកន្ទេលដែលក្រាលនៅលើទីដីមួយកន្លែងដែលគេបានរៀបចំទុកជាស្រេចធ្វើជាភ្នំ៥ ហើយមានធ្វើរាជវ័តិព័ទ្ធជុំវិញផង។ នៅជិតភ្នំស្រូវនោះមានសង់រោងសម្រាប់ព្រះសង្ឃគង់នៅ ចំពោះព្រះភ័ក្រ្តព្រះសង្ឃមានបាយសីស្លាធម៌តាមរបៀបព្រមទាំងធ្នូនិងព្រួញ ៨ កូនផង។
លុះព្រះសង្ឃស្វាធ្យាយធម៌ស្រេចកាលណា អាចារ្យចាប់កូនព្រួញមកបាញ់ឆ្ពោះបោះទៅក្នុងភ្នក់ភ្លើងដែលគេផ្តុះទុកនៅជិតនោះ ទើបព្រះសង្ឃនិមន្តទៅកាន់ពាងទឹកដែលពួកឧបាសក ឧបាសិកា រៀបចំត្រៀមទុកជាស្រេច។ ជួនកាលមានមនុស្សប្រុសមកដេកផ្កាប់មុខបន្តគ្នានៅលើដី ជាស្ពានឲ្យព្រះសង្ឃនិមន្តជាន់លើឆ្ពោះទៅកាន់ពាងទឹកផង។ កាលទៅដល់រោងហើយពួកឧបាសក ឧបាសិកា នាំគ្នាស្រោចទឹកព្រះសង្ឃ។ ព្រះសង្ឃស្រង់ទឹករួចទើបនិមន្តទៅអាំងខ្លួនឲ្យស្ងួតនៅកន្លែងភ្នក់ភ្លើង។
សម័យបុរាណភ្នំស្រូវពូនោះត្រូវដុតចោលប៉ុន្តែឥឡូវនេះគេយកស្រូវទាំងអស់ទៅលក់ដើម្បីយកកម្រៃដាក់ជាប្រយោជន៍វត្តវិញប្រសើរជាង។
មានរឿងមួយនិទានថា កាលពីព្រេងនាយព្រះច្ចេកពុទ្ធ១ ព្រះអង្គទ្រង់ចង់ញ៉ាំងព្រានព្រៃម្នាក់ឲ្យលះបង់នូវអំពើបាបដែលខ្លួនតែងប្រព្រឹត្ត។ ប៉ុន្តែព្រានព្រៃនោះ ពុំព្រមលុះ ដោយសេចក្តីប្រៀនប្រដៅរបស់ព្រះអង្គសោះនៅតែប្រព្រឹត្តបាញ់សម្លាប់សត្វតទៅទៀត។ ប៉ុន្តែដោយតេជានុភាពដោយព្រះពុទ្ធអង្គនោះ ពេលដែលព្រានដំឡើងធ្នូនិងបម្រុងប្រហារសត្វក៏ស្រាប់តែគាំងច្រងាងភ្ញាក់ខ្លួនពីដំណើរទាំងដ៏ចម្លែកនោះ។ ក្រោយមកទើបនឹកស្ដាយក្រោយចំពោះអំពើអកុសលរបស់ខ្លួន។ នៅវេលានោះស្រាប់តែមហាមេឃបង្អុរភ្លៀងយ៉ាងធំ ព្រានព្រៃក៏យកធ្នូព្រួញព្រមទាំងបំពង់ព្រួញផ្គុំបង្កាត់ភ្លើងដើម្បីថ្វាយព្រះច្ចេកពុទ្ធអាំងកំដៅព្រះកាយកុំឱ្យរងាហើយក៏ថ្វាយខ្លួនជាសាវ័កព្រះអង្គនាពេលនោះទៅ។
ស្រុកខ្លះ នៅក្នុងខ្នើតខែមាឃនេះ អ្នកស្រុកនាំគ្នាលេងវាយកូនគោលដែលជាដុំឈើមូលដុតភ្លើងឲ្យទៅជារងើកក្រហមច្រាល។ ប៉ុន្តែល្បែងនេះបាត់បង់អស់ទៅហើយ ប្រសិនជាមានគេលេង ក៏ច្រើនតែលេងនៅរដូវប្រាំងទៅវិញថែមទាំងមិនកំណត់ខែផង។
ចំណែកព្រះសង្ឃ ក៏ត្រូវធ្វើបរិវាសកម្មនៅក្នុងខែមាឃនេះដែរបរិវាសកម្ម គឺជាការដាក់ទោសផ្ចាលភិក្ខុក្នុងព្រះពុទ្ធសាសនាដែលត្រូវអាបត្តិសង្ឃារាទិសេសកិច្ច ជាពិសេសក្នុងបរិវាសកម្មនេះហៅថា ចង្រ្កម ដែលព្រះសង្ឃត្រូវអាបត្តិត្រូវធ្វើនៅពេលយប់នៅទីកន្លែងមួយដែលស្ងាត់ គឺថាលោកត្រូវនិមន្តដើរមួយៗឲ្យកែងជើងនិងចុងជើងជាប់គ្នា។
ដោយការធ្វើបរិវាសកម្មនេះព្រះសង្ឃអាចជម្រះនូវអំពើបាបស្រាលៗដែលលោកបានប្រព្រឹត្តដោយអចេតនា និងអាចតបស្នងសងគុណមាតា បិតាដែលបាននឿយព្រួយ និងបីបាច់ថែរក្សាខ្លួនតាំងពីតូចមក។
នៅតំបន់ខ្លះទៀត អ្នកស្រុកធ្វើពិធីឡើងរោងនៅខែមាឃនេះដែរ។ ពិធីឡើងរោងជាពិធីបញ្ជាន់រូបតាមរដូវកាលដើម្បីសេចក្តីសុខសប្បាយដល់ពួកសិស្សគណនៃរូបនោះ។
ដល់រដូវឡើងរោងហើយ ពួកក្រុមគ្រួសារណាដែលជាប់ជួជំបួរជាមួយគ្នា នាំគ្នាទៅប្រជុំនៅទីកន្លែងជួលរបស់ខ្លួនធ្វើស្លាធម៌បាយសីនិងគ្រឿងសំណែនផ្សេងៗជាច្រើន។ គេសង់រោងមួយយ៉ាងធំហើយចងពីដានសំពត់ស លម្អដោយរូប ចាប ព្រាប រូបត្រី ធ្វើដោយស្លឹកត្នោតចងព្យួរយោងពីក្រោមពីដាននេះ មានគ្រែតូចមួយជាសេនាសនៈរបស់រូបសំណឹង។ នៅពេលបញ្ជាន់រូបមានភ្លេងអារ័ក្សមួយវង់ មានស្គរអារ័ក្ស២ ទ្រខ្សែបី”ទ្រខ្មែរ”១ និងប៉ីអ១។ អ្នកភ្លេងក៏ចេះតែលេងតាមទម្លាប់របស់ខ្លួន ឯរូបកាន់តោកត្រៀមខ្លួនចាំអស់លោកចូលមកជាន់។ ភ្នែកសម្លឹងទៅភ្លើងទៀនមួយដើមដែលបិទនៅគែមតោក។ កាលណាខ្មោចចូលមកសណ្ឋិតលើរូបហើយ រូបនោះមានអាការៈញញឹមទទ្រាក់ទទ្រើតអស់ទាំងខ្លួន ចាប់រាំរំពើន។ នៅពេលនោះពួកសិស្សគណទាំងឡាយនាំគ្នាថ្វាយសំណែនផ្សេងៗចំពោះខ្មោចដែលចូលមកច្រើនរូបដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនរៀងៗខ្លួន។ ចំណែកពួកអ្នកលេងក៏ត្រូវបានទទួលនំនែក ស្រា បាយ ក្នុងនាមនៃខ្មោចដែលចូលមកជាន់នោះដែរ៕
(នៅមានត)
ស្រាវជ្រាវនិងកែសម្រួលដោយ÷ចៅតាជេត