គ.ជ.ប សម្រេចលុបបញ្ជីបេក្ខជនរបស់គណបក្សសំបុកឃ្មុំចេញពីសង្កាត់វាលវង់

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានបើកសវនាការសម្រេចលុប និងដកហូតបញ្ជីបេក្ខជនរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យពីគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្រោយរកឃើញមិនមានការស្ម័គ្រចិត្តយល់ព្រមពីបេក្ខជនសាម៉ី។

លោក នុត សុខុម អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានបើកសវនាការជំនុំជម្រះជាសាធារណៈលើបណ្តឹងរបស់គណបក្សភ្លើងទៀន ជុំវិញការប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណ:កម្មការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ និងបណ្តឹងរបស់ប្រជាពលរដ្ឋជាដើមបណ្តឹងប្តឹងតវ៉ាមក គ.ជ.ប ដើម្បីស្នើលុបឈ្មោះបេក្ខជនចេញពីបញ្ជីគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយសវនាការរបស់ក្រុមប្រឹក្សាជំនុំជម្រះបានបញ្ចប់ លោក នុត សុខុម ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសតម្កល់សេចក្តីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ទុកជាបានការ និងបដិសេធចោលព្រោះផ្ទុយគតិច្បាប់។ ដោយឡែកចំពោះការប្តឹងតវ៉ាសុំលុបឈ្មោះចេញពីបញ្ជីបេក្ខជនរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះ សម្រេចលុបបញ្ជីឈរឈ្មោះបេក្ខជនតាមការប្តឹងតវ៉ារបស់ប្រជាពលរដ្ឋ ហើយគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់វាលវង់ ត្រូវបដិសេធ និងដកហូតការចុះបញ្ជីបេក្ខជនរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យពីសង្កាត់វាលវង់ និងបិទផ្លូវតវ៉ា។

ការរៀបចំបញ្ជីចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយធ្វើឡើង ដើម្បីឈានទៅរកការប្រកាសអំពីសុពលភាពរបស់បញ្ជីបេក្ខជនផ្លូវការ នាថ្ងៃទី២៤ ខែមេសាខាងមុខ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print