ខេត្តកំពង់ស្ពឺ៖កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកឧដុង្គបានឆ្មក់បង្ក្រាបនិងឃាត់ខ្លួនបុរសពីនាក់ក្នុងចំណោមមនុស្សច្រើននាក់ដែលប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់(បាញ់អាប៉ោងភ្នាល់ដាក់លុយ)។ ស្ថិតនៅក្នុងភូមិត្រពាំងសង្កែ ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការដ្ឋាននគរបាលស្រុកឧដុង្គបានឱ្យដឹងនៅព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០២២នេះថា យោងតាមការរាយការណ៍របស់ប្រជាពលរដ្ឋមូលដ្ឋានថាមានករណីជួបជុំលេងល្បែងអាប៉ោងនៅចំណុចទីតាំងខាងលើ លោកក៏បានចាត់កម្លាំងជំនាញចុះបង្ក្រាបភ្លាមៗ ដោយក្នុងនោះឃាត់ខ្លួនអ្នកលេងបានចំនួនពីរនាក់ក្នុងចំណោមអ្នកលេងផ្សេងទៀត។ លោកអធិការបានឱ្យដឹងទៀតថាអ្នកឃាត់ខ្លួនទាំង២នាក់ខាងលើមានឈ្មោះ ភឿង ផាន ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិស្នាមពុក ឃុំវាលពង្ស ស្រុកឧដុង្គនិងឈ្មោះ វី ធារ៉ា ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិក្បាលអូរ ឃុំព្រះ ស្រុកឧដុង្គ ។ក្នុងប្រតិបត្តិការនោះដែរកម្លាំងជំនាញក៏បានចាប់យកវត្ថុតាងបានមួយចំនួនផងដែរមានចានសម្រាប់អាប៉ោងមួយ គំរបមួយ មេអាប៉ោងមួយគ្រាប់ ទូរស័ព្ទដៃបីគ្រឿង និងប្រាក់រៀលចំនួន៤៤១៥០០រៀល ។
បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្រោមការសួរនាំរបស់កម្លាំងនគរបាលជំនាញដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ៕
ដោយ៖ ចន្ទ លីហ្សា