មន្ត្រី ក.ប.ប. បន្តទប់ស្កាត់អំពើទុច្ចរិតក្នុងវិស័យប្រេងឥន្ធនៈ ខណៈ​តម្លៃប្រេងឥន្ធនៈអន្តរជាតិមានការហាក់កើនឡើង

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០២២នេះ​ថា៖​ មន្ត្រី ក.ប.ប. បន្តទប់ស្កាត់អំពើទុច្ចរិតក្នុងវិស័យប្រេងឥន្ធនៈ កំឡុងពេលដែលតម្លៃប្រេងឥន្ធនៈអន្តរជាតិ​ ហាក់មានការកើនឡើង។

ជាក់ស្ដែង​កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ម្សិលមិញនេះ​ ក្នុងចំណោម ១១ស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈ ស្ថិតក្នុងស្រុកពារាំង​ ខេត្តព្រៃវែង,​ ស្រុកព្រៃកប្បាស ខេត្តតាកែវ, ស្រុកសំរោងទងនិងស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ មន្ត្រីជំនាញ​ បានត្រួតពិនិត្យយ៉ាងហ្មត់ចត់ មានដេប៉ូចំនួន ៤ទីតាំង ត្រូវមន្ត្រី ក.ប.ប. ប្រចាំខេត្តតាកែវ និងខេត្តកំពង់ស្ពឺ រកឃើញថាពុំមានភាពអនុលោមតាមបទប្បញ្ញត្តិ និងបានឈានទៅដល់ការពិន័យអន្តរការណ៍ដើម្បីឱ្យមានការកែតម្រូវ ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់លើម្ចាស់ដេប៉ូទាំង៤ទីតាំងនោះ។

ចំណែក​នៅក្នុងរាជធានីភ្នំពេញឯណោះវិញ មន្ត្រី ក.ប.ប. បានចុះអង្កេតនិងតាមដានតម្លៃប្រេងឥន្ធនៈ បានចំនួន ១០ស្ថានីយ​ និងដេប៉ូ ជាលទ្ធផល ស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈទាំងនោះបានដាក់លក់ក្នុងតម្លៃសមស្របតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

សូមជម្រាបថា​ មន្រ្តី​អគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) បន្តចុះប្រតិបត្តិការត្រួតពិនិត្យនៅតាមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈទាំងអស់នៅទូទាំងប្រទេសនេះ​ គឺមានគោលបំណងគឺដើម្បីស្វែងរកនូវភាពមិនអនុលោមតាមរយៈការកេងប្រវ័ញ្ជរបស់ម្ចាស់ស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈទៅលើអ្នកប្រើប្រាស់ ដែលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ និងទប់ស្កាត់អំពើមិនសុចរិតក្នុងវិស័យធុរកិច្ចប្រេងឥន្ធនៈផងដែរ។

គួរបញ្ជាក់ថា​ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ថ្មីៗនេះ​ មន្រ្តីជំនាញ បា​នចាត់វិធានការច្បាប់លើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងបន្ថែមទៀត​ ក្រោយរកឃើញមិនមានអនុលោមភាព​ និងពិន័យទៅតាមនីតិវិធី​ បន្ទាប់ពី​ចុះប្រតិបត្តិការត្រួតពិនិត្យនៅតាមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈចំនួន ១៧ទីតាំងបន្ថែមទៀត​ នៅខេត្តសៀមរាប, ខេត្តតាកែវ ,ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print