ខេត្តកំពង់ស្ពឺ៖ ការបូមខ្សាច់មួយកន្លែង ស្ថិតក្នុងភូមិជ្រលងថ្កូវ ឃុំរលាំងចក ស្រុក សំរោងទង ត្រូវបានមន្ទីរបរិស្ថាន ខេត្តកំពង់ ស្ពឺបានចុះពង្រឹងការអនុវត្តច្បាប់បរិស្ថាន និងសម្រេចផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្នដើម្បីឱ្យម្ចាស់អាជីវកម្មគោរពច្បាប់ការពារបរិស្ថាននិងបង់ពន្ធជូនរដ្ឋត្រឹមត្រូវ។
លោក គាត រង្សី ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺបានឲ្យដឹងថា ការដ្ឋានបូមខ្សាច់មួយកន្លែងដែលមានម្ចាស់អាជីវកម្មលោក ហេង សុង លី ស្ថិតក្នុងទីតាំងខាង លើមិនបានគោរពច្បាប់ស្តីពីបរិស្ថានទេត្រូវជំនាញចុះសម្រេចផ្អាកជាបណ្តោះអាសន្នកាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ ។ ការផ្អាកបណ្តោះអាសន្នមកពីការដ្ឋានបូមខ្សាច់នេះមិនបានគោរពច្បាប់ការពារបរិស្ថានត្រឹមត្រូវតាមគោលការណ៍និងកិច្ចសន្យា ។
លោកប្រធានមន្ទីរបន្តថា ការចុះត្រួតពិនិត្យនឹងធ្វើឡើងជាប្រចាំហើយបើពិនិត្យឃើញមានការដ្ឋានណាល្មើសច្បាប់នឹងត្រូវផ្អាកជាបណ្តោះអាសន្នរង់ចាំធ្វើការតាមច្បាប់ហើយក្នុងខេត្តកំពង់ស្ពឺមានការដ្ឋានកាយបកយកនិងបូមខ្សាច់ជាច្រើនកន្លែងក្នុងនោះក្រុមឈ្មួញខ្លះកិបកេងពន្ធរដ្ឋយ៉ាងធ្ងន់ធ្ងរដោយមន្ទីរពាក់ព័ន្ធមួយចំនួនមានភាពធូររលុង ជាពិសេសខាងជំនាញមន្ទីររ៉ែនិងថាមពលហាក់មិនចាប់អារម្មណ៍លើការដ្ឋានទាំងនោះទេបណ្តោយឲ្យស៊ីមុនសងក្រោយ (កាយខ្សាច់បណ្តើររត់ការច្បាប់បណ្តើរ) ឬបិទភ្នែកបិទច្រមុះសំងំលួចស៊ីតែម្តង ។
លោកបន្តថា ការដ្ឋានមួយចំនួនសុំច្បាប់កាយខ្សាច់ពេលចុះធ្វើបែរជាដាក់ម៉ាស៊ីនបូមទៅវិញវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថានតាមមូលដ្ឋាន ដោយឈ្មួញរកស៊ីទាំងនោះអាងមានខ្សែមានខ្នងបង្អែកធ្វើឲ្យការអនុវត្តច្បាប់មិនបានល្អ ។ ដូចនេះទាមទារឲ្យមន្ទីរពាក់ព័ន្ធត្រូវរឹតបន្តឹងការអនុវត្តច្បាប់កុំឱ្យអ្នករកស៊ីល្មើសច្បាប់ ជាពិសេស ត្រូវមានអាជ្ញាបណ្ណ័សិនទើបអនុញ្ញាតឲ្យធ្វើអាជីវកម្មបាន ។
សូមរំលឹកថា ក្នុងខេត្តកំពង់ស្ពឺមានការធ្វើអាជីវកម្មបកខ្សាច់បូមខ្សាច់ជាច្រើនកន្លែង ក្នុងនោះមានមួយចំនួនមិនបានគោរពតាមលក្ខខណ្ឌច្បាប់កំណត់ទេពួកគេតែងតែធ្វើហួសព្រំដែនដោយសារតែមន្ត្រីជំនាញខាងមន្ទីររ៉ែ និងថាមពលឃុបឃិតគ្នាយកលុយដាក់ហោប៉ៅជួយបិទបាំងការប្រកបអាជីវកម្មខុសច្បាប់ជាហេតុធ្វើឱ្យបាត់បង់ចំណូលរដ្ឋពីការបង់ពន្ធបង់សួយសាអាករ និងវាបានធ្វើឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ ៕
ដោយ៖ ហេងនរិន្ទ្រ