ភ្នំពេញ : នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយាសូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា នៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជាយើង អាចនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤៣មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២២។
សម្តេចតេជោ បន្តថា, ខ្ញុំសូមផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជាយើង ។
ជាមួយគ្នានេះដែរ ខ្ញុំក៏សូមការអធ្យាស្រ័យសុំការយោគយល់ពីបងប្អូនសាសនិកខ្មែរឥស្លាម ដែលកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាឌនថ្នាក់ជាតិលើកទី ៧ ទី ៨ និងទី៩ឆ្នាំ២០២២ នេះត្រូវបានផ្អាក ដោយសារជំងឺកូវីដ-១៩ មិនទាន់ទៅឆ្ងាយពីយេីងនៅឡេីយ។ តែរាជរដ្ឋាភិបាលបានអនុញ្ញាតការថ្វាយបង្គំនៅតាមវិហារ(ម៉ាស្ជិទ ស៊ូរ៉ាវ)ការជួបជុំលក្ខណៈសាសនាឡេីងវិញ រួមនឹងកម្មវិធីផ្សេងៗ និងសុំបង្កេីនការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយយើងដោយ មិនត្រូវភ្លេចខ្លួន និងធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ គឺត្រូវរួមគ្នាការពារជាប់ជានិច្ច ដោយ សូមបងប្អូនអនុវត្តតាមវិធានការ ៣ការពារ និង ៣កុំ ជាប្រចាំឱ្យបានខ្ជាប់ខ្ជួន និង អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នូវដូសជំរុញ ថែមទៀត ឱ្យបានគ្រប់ៗគ្នា ៕
ដោយ : សិលា