ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតមេបញ្ជាការកងទ័ពជើងគោកកម្ពុជា-និងសមភាគីចិនគឺលោកនាយឧត្តមសេនីយ៍ លីវ ចេន លី (Liu Zhen Li)បានសម្រេចចុះហត្ថលេខារួមគ្នាលើ«អនុស្សារណៈនៃការយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន» ក្នុងគោលបំណង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនា ក់ទំនងជិតស្និទ្ធយូរអង្វែងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ ចុះ ហត្ថលេខារួមគ្នាតាមប្រព័ន្ធ Online លើអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។
អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរគឺឯកសារនេះជាមូលដ្ឋានមួយដ៏សំខាន់នៅក្នុងការត្រួសត្រាយផ្លូវ ដើម្បីឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ ឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត ហើ យព្រឹត្តិការណ៍នេះ អាចចាត់ទុកថា ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតនៃកិច្ចទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរផងដែរ។
ក្នុងពិធីនេះដែរ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយោធាកម្ពុជា-ចិន និយាយជារួម និងនិយាយដោយឡែក កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ដែលបានដំណើរការបោះជំហានរីកចម្រើនទៅមុខ និងសម្រេចបានលទ្ធផលផ្លែផ្កាជាច្រើនគួរជាទីមោទនៈ ។ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការគាំទ្រដល់ដំណើរការទៅមុខនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀត ។
នៅក្នុងឱកាសនោះភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាសន្តិសុខសាកល និងតំបន់ ដែលកំពុងកើតមានឡើង និងបានបង្ហាញឆន្ទៈក្នុងការគាំទ្រ ជំរុញ និងលើកកម្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដើម្បីបន្តចូលរួមចំណែកថែរក្សាស ន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា៕