គួរឱ្យព្រឺស្ញើបណាស់..!! រថយន្តកុងតឺន័របើកគេចពីរថយន្តកូរ៉េដឹកបន្លែដែលបុកបង្គោលភ្លើងបានជ្រុលទៅបុករះម៉ូតូនិងរថយន្តជាង១០គ្រឿងចតមុខខេធីវីរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ មានរថយន្តកូរ៉េដឹកបន្លែមួយគ្រឿងបានបើកបុកខឿនទ្រូងផ្លូវរួចផ្លោងទៅបុកបង្គោលភ្លើងបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ ហើយភ្លាមៗនោះក៏ស្រាប់តែមានរថយន្តកុងតឺន័របើកបរមកពីក្រោយក្នុងល្បឿនលឿនប្រឹងកាច់ចង្កូតគេចពីរថយន្តកូរ៉េក៏ជ្រុលទៅបុករះម៉ូតូជាង១០គ្រឿងនិងរថយន្ត១គ្រឿងទៀតដែលចតនៅមុខ KTV ធ្វើឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២ និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមេសា ឆ្នាំ២០២២ នៅចំណុចមុខ KTV រាត្រីពណ៌មាស តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីសន្តិសុខដែលយាមម៉ូតូនៅមុខ KTV ត្រង់ចំណុចកើតហេតុបានប្រាប់ឱ្យដឹងថា ដំបូងមានរថយន្តកូរ៉េ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AB- 4120 បើកតាមបណ្ដោយផ្លូវជាតិលេខ១ពីកើតទៅលិចក្នុងល្បឿនលឿន ហើយក៏ជ្រុលចង្កូតទៅបុកខឿនទ្រូងផ្លូវរួចផ្លោងទៅបុកបង្គោលភ្លើងបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ ពេលនោះក៏មានរថយន្តម៉ាក VOLVO សណ្ដោងទូកុងតឺន័រ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-6330 ដែលបើកបរស្របទិសគ្នាក្នុងល្បឿនលឿន ហើយប្រឹងគេចពីរថយន្តកូរ៉េក៏ជ្រុលទៅបុករះម៉ូតូជាង១០គ្រឿង និងរថយន្តម៉ាក KIA ១គ្រឿងទៀតដែលចតនៅលើខឿនចំណីផ្លូវមុខKTV បណ្ដាលឱ្យម៉ូតូខ្លះគាបជាប់ក្រោមរថយន្តរងការខូចខាតជាខ្លាំង តែសំណាងល្អដែរដែលមិនមានមនុស្សណាម្នាក់រងរបួសនោះ ។ ភ្លាមៗនោះ តៃកុងរថយន្តកុងតឺន័របម្រុងចុះគេចខ្លួន តែត្រូវសន្តិសុខKTVឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យមកធ្វើការវាស់វែងយករថយន្តបង្កហេតុ និងម៉ូតូរងគ្រោះទាំងអស់ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានាពេលក្រោយ ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print