ភ្នំពេញ : សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានពិនិត្យយ៉ាងហ្មត់ចត់នូវរបាយការណ៍សង្ខេបដែលចេញផ្សាយនៅលើបណ្តាញសង្គមនិងរបាយការណ៍ពេញទាំងស្រុងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ហើយរបាយការណ៍នេះក៏ត្រូវបានផ្សាយបន្ទរដោយ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាផងដែរ។
ស.ស.ស.ក មានការសោកស្ដាយចំពោះការវាយតម្លៃដែលមានលក្ខណៈមិនពេញលេញ សម្រាប់របាយការណ៍អំពីស្ថានភាពកម្ពុជា ជាពិសេសត្រង់កឋាខ័ណ្ឌស្តីពីសិទ្ធិនៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅកម្ពុជា ដែលជា ការតាក់តែងតាមរបៀបច្បុចយកបញ្ហាតូច ឬបញ្ហាដែលកន្លងយូរមកហើយ ប៉ុន្តែបែរជាមិនបានអើពើ និងមើលរំលងចំពោះចំណុចដែលមានលក្ខណៈរីកចម្រើន។ យើងបានរកឃើញថា៖ «របាយការណ៍នេះវាយតម្លៃដោយលម្អៀង ដោយខ្វះភស្តុតាងច្បាស់លាស់ គ្មានការពិតពេញលេញ និងបានទាត់ចោលនូវអ្វីដែលជាតម្រូវការក្នុងបរិបទជាក់ ស្តែងរបស់សង្គមកម្ពុជា ព្រមទាំងព្យាយាមបន្ទោសទៅភាគីផ្សេង ភ្ជាប់ទៅលំហនយោបាយ និងការបោះឆ្នោតនាពេលខាងមុខ ក្នុងគោលបំណងហាក់ចង់ផាត់ពណ៌កម្ពុជាឱ្យអាក្រក់»។
សេរីភាពសារព័ត៌មាននៅកម្ពុជា មានលក្ខណៈកាន់តែល្អប្រសើរឡើង នៅក្នុងដំណាក់កាលនៃប្រទេសជាតិមានសន្តិភាព ពោលគឺល្អជាងនៅក្នុង កាលៈទេសៈដែលកម្ពុជាមានជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃអូសបន្លាយ។ កម្ពុជា បានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសបើកចំហបំផុតនៅលើពិភពលោក ដែលបើកឱ្យមានសេរីភាពសារព័ត៌មាន និងសិទ្ធិក្នុងការបញ្ចេញមតិ។ បច្ចុប្បន្ននេះ ប្រជាជនកម្ពុជាទទួលបានព័ត៌មានប្រចាំថ្ងៃតាមរយៈអ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយពួកគេអាចសិក្សាស្វែងយល់ និងអាចចែករំលែកនូវព័ត៌មានសំខាន់ៗ សម្រាប់ការរីកចម្រើនលូតលាស់ផ្នែកប្រាជ្ញាស្មារតី ការងារ អាជីវកម្ម និងអាចធ្វើការវាយតម្លៃពីវឌ្ឍនភាពសង្គម ហើយធ្វើការសម្រេចចិត្តដោយសេរី និងដោយឯករាជ្យ។ នៅកម្ពុជា អត្រាចុះបញ្ជីបើកអង្គភាពប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរហូតជិត២០០០អង្គភាព គឺមានកម្រិតខ្ពស់ បើប្រៀបធៀបបណ្តាប្រទេសក្នុងអាស៊ាន ដែលក្នុងនោះរួម មានអង្គភាព វិទ្យុ កាសែត ទស្សនាវដ្ដី ទូរទស្សន៍ អនឡាញ និងទូរទស្សន៍ខ្សែកាបជាដើម។ បច្ចុប្បន្ននេះដែរ នៅកម្ពុជា មានការកើនឡើងនៃសារព័ត៌មានពលរដ្ឋ ឬសារព័ត៌មានអនឡាញ ហើយផ្នែកនេះកំពុងដើរតួនាទីសកម្មនិងក្លាយជាការគំរាមកំហែងដល់អាជីវកម្មផ្សព្វផ្សាយបែបប្រពៃណីដែលធ្វើឱ្យកាសែតបោះពុម្ពដែលមានអាយុកាលច្រើនឆ្នាំ ត្រូវបង្ខំចិត្តបិទការបោះពុម្ពកាសែត ចំណែកឯផ្នែកទូរទស្សន៍វិញ ត្រូវបន្ថយចំនួនបុគ្គលិកជាបន្តបន្ទាប់។ លើសពីនេះ ស្ថិតនៅក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិជ្ជាព័ត៌មានវិទ្យានិងឌីជីថល គឺសន្តិសុខទិន្នន័យរបស់បុគ្គល សុវត្ថិភាពហិរញ្ញវត្ថុ និងអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចរបស់ប្រជាជនកម្ពុជា ត្រូវបានលួច ស្រូបចេញ និងបង់ប្រយោជន៍ទៅប្រទេសជឿនលឿនជារៀងរាល់ថ្ងៃ។ បញ្ហាប្រឈមទាំងនេះ បែរជាត្រូវបានមើលរំលងម្តងហើយម្តងទៀត ដោយគណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ហើយមិនតែប៉ុណ្ណោះគេថែមទាំងរិះគន់កម្ពុជា ដែលខិតខំធ្វើច្បាប់ការពារអត្ថប្រយោជន៍ពលរដ្ឋខ្លួន។
ស.ស.ស.ក សង្កេតឃើញថា ចំណុចដែលរបាយការណ៍លើកឡើងថា មានករណីការគំរាមកំហែង ការបំភិតបំភ័យ និងការរឹតត្បិត ឬការចាប់ខ្លួនតាមអំពើចិត្ត នៅក្នុងរយៈពេលនៃការធ្វើរបាយរាយការណ៍ ការពិតករណីនេះគឺមានតិចតួចបំផុត។ យើងត្រូវទទួលស្គាល់ថា ឧប្បត្តិហេតុមួយចំនួនដែលប្រព្រឹត្តដោយអ្នកសារព័ត៌មាន គឺជាបទល្មើសដែលធ្ងន់ធ្ងរហួសពីក្របខ័ណ្ឌសារព័ត៌មានឬជាការបញ្ចេញមតិ ហើយសំណុំរឿងកំពុងស្ថិតនៅក្រោមយុត្តាធិការ តុលាការ ដែលចាំបាច់ត្រូវដោះស្រាយតាមផ្លូវច្បាប់ដោយផ្អែកលើលក្ខណៈនៃឧប្បត្តិហេតុជាក់ស្តែង។ ប្រជាជាតិនីមួយៗ មានច្បាប់របស់ប្រទេស ដែលត្រូវបានបង្កើតឡើង ដើម្បីការពារសិទ្ធិ និងព្រំដែនរបស់បុគ្គល ដើម្បីធានាភាពស្មើគ្នាចំពោះមុខច្បាប់ ដើម្បីធ្វើឱ្យសិទ្ធិសេរីភាពនៃការបញ្ចេញមតិមានភាពថ្លៃថ្នូរ មានការទទួលខុសត្រូវ ដោយមិនបង្កផលប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងផ្លូវកាយរបស់មនុស្សផ្សេងទៀត។ នៅក្នុងស្មារតីរដ្ឋធម្មនុញ្ញ តាមផ្លូវច្បាប់ និងតាមផ្លូវសុជីវធម៌ សេរីភាពសារព័ត៌មាន និងសិទ្ធិនៃការបញ្ចេញមតិ គឺមិនមែនជាសេរីភាពសម្រាប់ប្រើ ដើម្បីបង្កការប្រមាថ បង្កការខូតខាត និងបង្ខូចកេរ្តិ៍ឈ្មោះអ្នកដទៃដោយមិនទទួលខុសត្រូវនោះទេ។
ស.ស.ស.ក មើលពីចំណុចខ្វះខាតដទៃទៀតដែលត្រូវជួយបំពេញ ដើម្បីធ្វើឱ្យប្រសើរឡើង។ នៅក្នុងឆ្នាំ២០២១ ស.ស.ស.ក អន្តរាគមន៍ដោះស្រាយបណ្តឹងចំនួន៣៣ករណី ដែលបានប្តឹងប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលរាយការណ៍ពាក់ព័ន្ធវិវាទដីធ្លី ការប្តឹងរវាងអ្នកកាសែតនិងអ្នកកាសែត និងបទល្មើសរដ្ឋប្បវេណី។ ទោះជាយ៉ាងនេះក្តី យើងមិនបានទទួលបណ្តឹងពាក់ព័ន្ធការបញ្ចេញមតិ និងជម្លោះនយោបាយនោះទេ។ ក្នុងរយៈពេលជាង៥ឆ្នាំមកនេះ ដោយមានជំនួយពីប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង និងដៃគូពាក់ព័ន្ធ ស.ស.ស.ក បានរួមចំណែកបណ្តុះ បណ្តាលអ្នកកាសែតជាង៤០០នាក់ និងផ្តល់ជំនួយដល់គ្រួសារអ្នកកាសែតជាង៥០នាក់ ដែលមានជំងឺ ឬរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍ ឬស្លាប់ដោយសារជំងឺ ដែលក្នុងនោះមានទាំងអតីតអ្នកកាសែត ឌឹខេមបូឌាដេលី ផងដែរ ដែលថៅកែអង្គភាពមិនបានយកចិត្តទុកដាក់។ ស.ស.ស.ក ក៏បានតវ៉ាចំពោះការផ្សាយដោយមួលបង្កាច់របស់ទូរទស្សន៍អន្តរជាតិ CNN ដែលរាយការណ៍ប្រឌិតថា ក្មេងស្រីម្នាក់ត្រូវបានម្តាយលក់នាងឱ្យធ្វើពេស្យាចារ។
ស.ស.ស.ក បន្តបេសកកម្មរួមចំណែកលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងសមត្ថភាពផ្សព្វផ្សាយ។ យើងធ្វើការជាបន្តបន្ទាប់ ដើម្បីធ្វើឱ្យប្រាកដថា ទាំងប្រជាពលរដ្ឋទូទៅ និងអ្នកសារព័ត៌មាន ប្រើប្រាស់សេរីភាពដោយគោរពសិទ្ធិអ្នកដទៃទៅវិញទៅមក ទទួលបាននូវការការពារតាមផ្លូវច្បាប់ ហើយអ្នកសារព័ត៌មានស្ថិតក្រោមច្បាប់ស្តីពីរបបសារព័ត៌មាន និងកាតព្វកិច្ចជាសីលធម៌ដទៃទៀត។ យើងបាននិយាយជាញឹកញាប់ថា យើងមិនមែនមិនខ្វល់តែអំពីលំហសេរីភាពនោះទេ ប៉ុន្តែអ្វីដែលយើងខ្វល់បំផុតក្នុងបច្ចុប្បន្ននេះ គឺគុណភាពនៃការផលិតនិងការផ្សាយព័ត៌មាន ដែលអ្នកសារព័ត៌មានត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនជាប្រចាំឱ្យស្របតាមវឌ្ឍនភាពនៃសង្គម ដើម្បីឱ្យសារធារណៈជនទទួលស្គាល់ ឱ្យតម្លៃ និងបន្តគោរពជឿជាក់។ យើងយល់ច្បាស់ថា ទង្វើគ្មានសីលធម៌ ទោះបីបង្កដោយអ្នកកាសែត ឬសកម្មជនផ្សេងៗ នឹងនាំឲ្យសង្គមវិនាស។ យើងជឿជាក់ថា ដំណោះស្រាយចំពោះលំហសេរីភាពសារព័ត៌មាននិងសិទ្ធិនៃការបញ្ចេញមតិនៅកម្ពុជា ដែលអាចបន្តធ្វើឱ្យកាន់តែប្រសើរឡើង គឺតួអង្គនីមួយៗមិនគួរគប្បីដើរតួត្រឹមតែបង្ហាញខ្លួនជាអ្នកព្រួយបារម្ភ ឬច្បិចយកចំណុចតូចណាមួយនៃទិដ្ឋភាពរួមដើម្បីបម្រើឱ្យរបៀបវារៈរបស់ខ្លួន ឬសម្រាប់តែរបាយការណ៍នោះទេ ប៉ុន្តែទាមទារការចូលរួមជាសកម្មភាពជាក់ស្តែងក្នុងពហុភាគី ក្នុងការលើកកម្ពស់ការយល់ដឹងនូវសិទ្ធិជាមូលដ្ឋាន តួនាទី ការទទួលខុសត្រូវ និងគុណតម្លៃជីវិតនៅក្នុងសង្គមស៊ីវិល័យ៕
ដោយ : សុខ ខេមរា