ប្រមុខដឹកនាំចិន នៅថ្ងៃទី ១ខែមេសា បានធានាទៅកាន់អឺរ៉ុបថា ទីក្រុងប៉េកាំងនឹងជំរុញឱ្យមានសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែន តាមបែបដាច់ដោយឡែករបស់ខ្លួន។ ជាមួយគ្នានេះចិនក៏បានបដិសេធដាក់គំនាបបន្ថែមទៀតទៅលើរដ្ឋាភិបាលទីក្រុងមូស្គូផងដែរ។
ប្រធានាធិបតីចិន ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីលី ខឺជាំង បាននិយាយទៅកាន់ប្រមុខដឹកនាំអឺរ៉ុប នៅក្នុងជំនួបពិភាក្សាតាមអនឡាញថា ចិនតែងតែស្វែងរកសន្តិភាព និងជំរុញឱ្យមានសន្តិភាព ហើយចិននឹងដើរតួជាអាជ្ញាកណ្តាលក្នុងការកសាងសង្គមអន្តរជាតិ ។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំរវាង EU-ចិន តាមប្រព័ន្ធអនឡាញជាលើកដំបូងចាប់តាំងពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០មកថា «យើងអំពាវនាវឱ្យប្រទេសចិនជួយបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន, ចិនមិនអាចបិទភ្នែកមើលការរំលោភច្បាប់អន្តរជាតិរបស់រុស្ស៊ីបានទេ» ។
សារព័ត៌មាន CCTV បានផ្សាយថា នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បានប្រាប់មេដឹកនាំសហភាពអឺរ៉ុបថា «ប្រទេសចិនតែងតែស្វែងរកសន្តិភាព និងជំរុញការចរចា ហើយមានឆន្ទៈបន្តដើរតួនាទីស្ថាបនាជាមួយសហគមន៍អន្តរជាតិ។ ទីក្រុងប៉េកាំងនឹងជំរុញឱ្យមានសន្តិភាពតាម «វិធី ឬមធ្យោបាយផ្ទាល់ខ្លួន» ខណៈប្រធានាធិបតី លោក ស៊ី ជីនពីង សង្ឃឹមថា EU នឹងយល់ស្របលើការសម្រេចចិត្តដោយឯករាជ្យរបស់ប្រទេសចិន។
សហភាពអឺរ៉ុបបានប្រាប់ទីក្រុងប៉េកាំង កុំឱ្យលូកដៃជួយដល់ទីក្រុងមូស្គូឱ្យរួចផុតពីទណ្ឌកម្មរបស់លោកខាងលិច ដែលបានដាក់ជាការឆ្លើយតបនឹងអ្វីដែលលោកខាងលិចហៅថាជាការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ចិនបានផ្តល់ជំនួយមនុស្សធម៌ជាច្រើនដល់អ៊ុយក្រែន តែជាមួយគ្នានោះចិនបានបដិសេធមិនថ្កោលទោសសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន ឬមិនហៅសកម្មភាពនោះថាជាការឈ្លានពាន ហើយបានរិះគន់ម្តងហើយម្តងទៀតចំពោះអ្វីដែលខ្លួនហៅថាទណ្ឌកម្មខុសច្បាប់ និងឯកតោភាគីរបស់លោកខាងលិច៕ ដោយធីរីណា
រូបថត៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួ