ភ្នំពេញ៖ នាល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ កីឡាករ ធា នុរាជ មកពីក្លិបពោធិជ័យកីឡា ត្រូវការ៣ពិន្ទុពីអ្នកប្រដាល់ថៃ Super Chhaiសម្រាប់វគ្គជម្រុះជុំទី៣ ឈានទៅវាយដណ្តើមពានរង្វាន់ជើងឯក “អធិរាជស៊ីម៉ង់ត៍អូដ្ឋ” វគ្គ៣ ទម្ងន់៦៧គីឡូក្រាម ក្នុងពូល B នៅលើសង្វៀនTIFFY ARENA ។
ឆ្លងតាមការប្រកួតវគ្គជម្រុះក្នុងពូលកន្លងទៅកីឡាករ ធា នុរាជនិង Super Chhaiពួកគេមានពិន្ទុស្មើគ្នាគឺម្នាក់៤ពិន្ទុ។ក្នុងនោះធា នុរាជវាយឈ្នះ១ចាញ់១ប្រវត្តិប្រកួតធា នុរាជមានចំនួន៩៥ដងឈ្នះ៧៥ដង ចាញ់១៥ដងនិងស្មើ៥ដង ប្រកួតចុងក្រោយវាយឲ្យឈ្នះកីឡាករ កន ចន្ថាមកពីសមាគមកីឡាក្រសួងការពារជាតិដោយពិន្ទុ។ចំណែកឯ Super Chhai ប្រកួតក្នុងវគ្គជម្រុះដណ្តើមពានរង្វានស៊ីម៉ង់ត៍អូដ្ឋនេះ វាយឈ្នះកន ចន្ថា និង ចាញ់ កីឡាករ អ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានរិទ្ធ ដោយប្រផុតប្រផើយ ។
ចំពោះការប្រកួតរវាងកន ចន្ថា និង អ៊ុំ ចំរើននាពេលនេះគ្រាន់តែបង្រាប់កិច្ចប៉ុណ្ណោះសម្រាប់កីឡាករ កន ចន្ថាបើទោះបីវាយឈ្នះ អ៊ុំ ចំរើន ក៏ដោយក៏គ្មានឱកាសឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទៀតដែរ ពីព្រោះ២ប្រកួតកន្លងទៅ កន ចន្ថាចាញ់ទាំង២ប្រកួត ។ សម្រាប់កីឡាករ អ៊ុំ ចំរើន មានអាយុ២២ឆ្នាំ កម្ពស់១,៦៩ម៉ែត្រ មានប្រវត្តិប្រកួត៨៥ដងឈ្នះ៧០ដង ចាញ់១២ដងស្មើ៣ដង និងធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់បានចំនួន៣១ដងនោះ ចាញ់ឬក៏ឈ្នះត្រូវតែបានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដដែល ៕