នៅក្នុងការប្តេជ្ញាទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ នៅទីក្រុងសៀងហៃដែលមានពលរដ្ឋជាង ២៥លាននាក់ រដ្ឋាភិបាលចិនបានសម្រេចបញ្ជូនក្រុមគ្រូពេទ្យនិងកម្លាំងទាហានប្រមាណ២ម៉ឺននាក់ទៅជួយទប់ស្កាត់ការឆ្លងកូវីដ-១៩ ។ ការចាប់ផ្តើមធ្វើតេស្តលើពលរដ្ឋ២៥លាននាក់នៅទីក្រុងនេះនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែមេសានេះ។
នេះជាករណីថ្មីបន្ទាប់ពីទីក្រុងវូហាន ដែលកម្លាំងទាហានប្រជាជនចិនបានទៅចូលរួមទប់ស្កាត់កូវីដ-១៩ ។ពេលនោះបុគ្គលិកសុខាភិបាលប្រមាណ២ពាន់នាក់ និងកម្លាំងទាហានមកពីទាហានជើងគោក ជើងទឹកនិងកម្លាំងជំនួយបានទៅជួយដល់ទីក្រុងវូហានដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
ចំណែកនៅទីក្រុងសៀងហៃ នៅថ្ងៃទី៣ ខែមេសា មានបុគ្គលិកសុខាភិបាលជាង២ម៉ឺននាក់បានទៅជួយទីក្រុងសៀងហៃក្នុងការធ្វើតេស្តទៅលើប្រជាពលរដ្ឋជាទ្រង់ទ្រាយធំ ឱ្យបានលឿនបំផុត។ ដោយសារតែទីក្រុងសៀងហៃជាតំបន់ឧស្សាហកម្មស្នូលរបស់ប្រទេសជាតិ។
ទីក្រុងសៀងហៃបានចាប់ផ្តើមបិទខ្ទប់ដំណាក់កាលទីពីរនៅថ្ងៃទី២៨ខែមីនា។ នៅព្រឹកថ្ងៃទី ៤ខែមេសា នៅទីក្រុងសៀងហៃបានរកឃើញករណីឆ្លងកូវីដ-១៩សរុប ៨.៥៨១នាក់ ក្នុងនោះមាន ៤២៥នាក់បានចេញអាការៈ៕ ដោយធីរីណា
រូបថត៖ ទីភ្នាក់ងារព័ត៌មានស៊ីនហួ