ក្រុមម្ចាស់ផ្ទះឡើងជើងមាន់ខ្នាយមាស Tottenham បានយកឈ្នះលើក្រុមNewcastle យ៉ាងស្រួលក្នុងលទ្ធផល ៥ទល់១ ធ្វើឲ្យក្រុមនេះឡើងមកឈរលេខ៤បណ្តោះអាសន្នក្នុងតារាង Premier League សម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃទី៣ ខែមេសា។
ក្រុមរបស់លោក Antonio Conte បានហក់ឡើងឈរលើគូប្រជែង Arsenal ប៉ុន្តែក្រុមរបស់លោក Mikel Arteta មាន២ប្រកួតក្នុងដៃរួមទាំងការប្រកួតនៅថ្ងៃចន្ទក្នុងទឹកដីក្រុម Crystal Palace ផងដែរ។ការប្រកួតដំបូងបានចាប់ផ្តើមមិនល្អសម្រាប់ក្រុមម្ចាស់ផ្ទះ ខណៈដែលខ្សែការពារ Fabian Schar របស់ក្រុម Newcastle បានស៊ុតបាល់ពិន័យ Free-kick នៅនាទីទី៣៩ចូល១គ្រាប់ ទោះបីជាអ្នកចាំទី Hugo Lloris របស់ក្រុម Tottenham ខំប្រឹងព្យាយាមចាប់ក៏ដោយ។ក្រុម Spurs បានវាយបកវិញនៅក្នុងតង់ទី១តាមរយៈការតែតបាល់បញ្ចូលទីរបស់កីឡាករ Ben Davies ពីការបញ្ជូនយ៉ាងល្អរបស់ Son Heung-min ចូលទៅតំបន់គ្រោះថ្នាក់នៅនាទីទី៤៣។ ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមសម្រុកកាន់តែខ្លាំង ហើយនៅនាទីទី៤៨ ក្រុម Spurs រកបាន១គ្រាប់ទៀតដោយកីឡាករ Matt Doherty ពីការបញ្ជូនបាល់របស់ Harry Kane ហើយក្រុមនេះបានស៊ុតបញ្ចូលទីគ្រាប់ទី៣រកបានដោយកីឡាករ Son Heung-min នៅនាទីទី៥៤។៣គ្រាប់នេះមិនទាន់គ្រប់គ្រាន់ទេសម្រប់ក្រុម Tottenham ដោយក្រុមនេះនៅតែបន្តរកបាន២គ្រាប់ទៀតគឺនៅនាទីទី៦៣ ដោយកីឡាករ Emerson Royal ស៊ុតចូលពីចម្ងាយបន្ទាប់ពីការលេងយ៉ាងល្អ និងកីឡាករ Steven Bergwijn រកបាន១គ្រាប់ទៀតនៅចុងម៉ោងនាទីទី៨៣ ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Tottenham យកឈ្នះ Newcastle ក្នុងលទ្ធផល៥ទល់១។ក្រុម Spurs ចាប់ផ្តើមស្វែងរកទម្រង់លេងល្អឡើងវិញក្នុងរដូវកាលនេះ ដោយឈ្នះ៥ដងក្នុងចំណោមការប្រកួត៦លើកចុងក្រោយរបស់ពួកគេនៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស។ លោក Conte ដែលកំពុងដឹកនាំក្រុមនេះមានពេលវេលាដ៏លំបាកក្នុងអំឡុងពេលកាន់តំណែងរបស់គាត់ ដោយមានការចោទសួរកីឡាកររបស់គាត់ និងសមត្ថភាពរបស់គាត់ ប៉ុន្តែក្រុមរបស់គាត់បានបង្ហាញស្មារតីប្រយុទ្ធ។
បច្ចុប្បន្នក្រុមមាន់ខ្នាយមាស Tottenham កំពុងឈរលេខ៤បណ្តោះអាសន្ននៅលីកកំពូលអង់គ្លេស ដោយមាន៥៤ពិន្ទុ ក្នុង៣០ប្រកួត ខណៈដែលក្រុមលេខ៥ កាំភ្លើងធំ Arsenal មាន៥៤ពិន្ទុដូចគ្នា ក្នុង២៨ប្រកួត។ ចំណែកក្រុមលេខ៦គឺ West Ham មាន៥១ពិន្ទុ ក្នុង៣១ប្រកួត រីឯក្រុមបិសាចក្រហមដែលធ្លាប់ជាក្រុមខ្លាំងបានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៧ មាន៥១ពិន្ទុដែរ ក្នុង៣០ប្រកួត ៕ (រូបភាព ៖ BBC Sport)