ខេត្តព្រះវិហារ ៖ លោកបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូរបស់ក្រសួង អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចអន្តរាគន៍លេខ៧ នៅទីបញ្ជាការកងពលភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាឱកាសនោះ លោកបណ្ឌិត អ៉ិត សំហេង បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនក្មួយៗ នាយទាហាន នាយទាហានរង និងពលទាហាន របស់យើង។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់បងប្អូនក្មួយៗនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។
ពិធីសំណេះសំណាលនេះ គឺស្ថិតក្នុងស្ថានភាពនៃសភាពការណ៍របស់ប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការល្អ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សមេ្តចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ ការចងក្រងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិរបស់យើង ឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សាភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ គឺជាកាតព្វកិច្វរបស់យើងគ្រប់គ្នា តាមពាក្យស្លោក “ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ”។
លោកបណ្ឌិត អ៉ិត សំហេង ក៏បានលើកឡើងពីវឌ្ឍនភាពមួយចំនួនរបស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមិទ្ធិផលជាប្រវត្តិសាស្ត្រជាច្រើនទៀតដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្រោមម្លប់សន្តិភាព និងការបង្រួបបង្រួមជាតិជាកម្លាំងតែមួយ ស្ថិតក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃយើង ដែលអាចដោះស្រាយបាននូវវិបត្តិធំៗនៅចំពោះមុខ តួយ៉ាងដូចជាវិបត្តិជាសកលជំងឺកូវីដ-១៩ ដែលកម្ពុជាយើងមានសមត្ថភាពអាចគ្រប់គ្រងនូវវិបត្តិនេះដោយជោគជ័យ មានឱកាសកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ជាតិ ពិសេសពលរដ្ឋមានជីវភាពធូរធារជាលំដាប់។
នាឱកាសនោះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំមកនូវអំណោយក្នុងនាម សមេ្តចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ផ្តល់ជូនដល់បងប្អូនក្មួយៗ នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ រួមមាន៖ តំណាងកងពលធំ លេខ ៣ ថវិកា ១ លានរៀល, មេបញ្ជាការកងពលតូច លេខ ៧ ថវិកា ១លានរៀល, មេបញ្ជាការរងកងពលតូច លេខ ៧ ថវិកា ១៥ម៉ឺនរៀល/នាក់, នាយរងសេនាធិការកងពលតូច លេខ ៧ ថវិកា ១៥ម៉ឺនរៀល/នាក់, មេបញ្ជាការវរសេនាតូច ថវិកា ៤០ម៉ឺនរៀល/នាក់, មេបញ្ជាការរងវរសេនាតូច ថវិកា ១៥ម៉ឺនរៀល/នាក់, យុទ្ធជន ១,៤០០នាក់ ម្នាក់ៗទទួលបាន ថវិកា ១ម៉ឺនរៀល, ត្រីខ ២កំប៉ុង, សាប៊ូ ២ដុំ, និងម៉ាស់ក្រណាត់ ៣ម៉ាស់។
សម្រាប់កងពលតូចអន្តរាគមន៍លេខ ៧ រួមមាន៖ ថវិកាសាងសង់សាលប្រជុំ ៤០លានរៀល, សង្កសី ២ពាន់សន្លឹក, ប្រេង ១ពាន់លីត្រ, មី ៣០០កេស, ទឹកពិសាបរិសុទ្ធ ២០០កេស, ស្រាបៀរ ២០០កេស, ទឹកក្រូច ១៥០កេស, ត្រីងៀត ១០០គីឡូក្រាម, ផ្អក ៥០គីឡូក្រាម, ត្រីខកំប៉ុង ៤០កេស, ទឹកស៊ីអ៊ីវ ៥៤យួរ, អង្ករ ២បាវ, ម៉ាស់ ១៥,០០០ម៉ាស់, សាប៊ូ ១០កេស, តេស្តរហ័សកូវីដ-១៩ ២៥០តេស្ត, ទឹកសម្លាប់មេរោគ ចំណុះ ២០លីត្រ ១០ធុង និងចំណុះ ៥០០មីលីលីត្រ ១០កេស។
លោករដ្ឋមន្ត្រី បញ្ជាក់ថា អំណោយដែលបានផ្តល់ជូននេះ ថ្វីត្បិតតែមិនច្រើន ប៉ុន្តែអាចចាត់ទុកថាជាស្មារតីសាមគ្គី សហការ រវាងកងទ័ព ស្ថាប័នរដ្ឋ វិស័យឯកជន និងប្រជាជន។ នេះគឺជាខឿនការពារជាតិដ៏រឹងមំា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ លោក លោកស្រី ថ្នាក់ដឹកនំា និងមន្រ្តីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសប្បុរសជនទំាងអស់ ដែលបានចូលរួមចំណែកដ៏ថ្លាថ្លៃជាមួយក្រសួង និងសូមកោតសរសើរដ៏ស្មោះស័្មគ្រចំពោះ នាយទាហាន នាយទាហានរង ពលទាហាន ព្រមទំាងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់សហការគ្នាយ៉ាងជិតសិ្នទ្ធ ចូលរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការបំពេញបេសកកម្មជាប្រវត្តិសាស្រ្តរបស់បងប្អូនក្មួយកងកម្លាំងប្រដាប់អាវុធនៃកងពលតូចអន្តរាគមន៍លេខ៧ ក្នុងការការពារបូរណភាពទឹកដី
និងការពារសន្តិសុខសុវត្តិភាពជូនជាតិយើង៕