មន្ត្រីសាខា ក.ប.ប. ចុះត្រួតពិនិត្យសិប្បកម្មស្ករត្នោត និងដកហូតទំនិញមិនមានអនុលោមភាពពីទីផ្សារ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងថា​៖​ សាខា ក.ប.ប. ខេត្តរតនគិរី បានដឹកនាំកម្លាំងរបស់ខ្លួន បន្តភារកិច្ចត្រួតពិនិត្យគុណភាពទំនិញជាពិសេសអាល់កុល គ្រឿងហូបចុក ភេសជ្ជៈនានា នៅតាមបណ្តាលផ្ទះលក់ទំនិញ ផ្សារ ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ម្សិលមិញ​នេះ។

ជាក់ស្ដែង​តាមលទ្ធផលនៃការត្រួតពិនិត្យ​ មន្ត្រីជំនាញ​ ពុំបានរកឃើញមានការដាក់លក់អាល់កុលក្លែងក្លាយនោះទេ ដោយឡែកបានរកឃើញនិងដកហូតទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៥៧.៧២គីឡូក្រាម។

ប្រភពដដែល​បានបន្ថែមទៀតថា​ យ៉ាងណាមិញ មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យនៅសិប្បកម្មផលិតស្ករត្នោតចំនួន ៣ទីតាំង ស្ថិតក្នុងឃុំភ្នំតូច ឃុំឧត្តុង្គ ខេត្តកំពង់ស្ពឺ ដើម្បីធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់លើស្ករត្នោត ក៏ដូចជាផ្ទៀងផ្ទាត់ឯកសារគតិយុត្ត។ ជាលទ្ធផល មន្ត្រីជំនាញ​ពុំបានរកឃើញភាពមិនប្រក្រតីលើសិប្បកម្មទាំងបីទីតាំងនោះទេ។ ប៉ុន្តែ​បានធ្វើការដកយកសំណាកគំរូមួយចំនួនបញ្ជូនមកនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិតផងដែរ។

ជាមួយគ្នានោះ​ នៅថ្ងៃដដែល​នេះ​ មន្ត្រី ក.ប.ប. បន្តចាត់វិធានការពិន័យអន្តរការណ៍ ដើម្បីជាការដាស់តឿនដល់អាជីវករដែលប្រព្រឹត្តកំហុសឆ្គងលើកដំបូង។

ជាក់ស្ដែង​ក្រោយពីការធ្វើអធិការកិច្ចយ៉ាងយកចិត្តទុកដាក់លើអាជីវកម្មប្រេងឥន្ធនៈចំនួន ២៧ទីតាំង ស្ថិតក្នុងស្រុកមោងឬស្សី ខេត្តបាត់ដំបង; ស្រុកពារាំងនិងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ;ស្រុកកណ្តៀង ស្រុកភ្នំក្រវ៉ាញ ស្រុកវាលវែងនិងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់; ស្រុកស្វាយលើ ខេត្តសៀមរាប និងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២២នេះ មន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំនៅក្នុងខេត្តខាងលើ​ បានបន្តរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១៦ទីតាំង មិនមានអនុលោមភាពក្នុងអាជីវកម្មរបស់ខ្លួន ដែលផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យ និងបទល្មើសជាក់ស្តែង មន្ត្រីជំនាញ​ បានចាត់វិធានការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែង ដើម្បីឱ្យមានការកែប្រែ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print