ភ្នំពេញ : «វិស័យឯកជនមានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់និរន្តរភាពបរិស្ថាន និងការរស់នៅស្អាត» ។ នេះ គឺជាប្រសាសន៍របស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជម្រាបជូនលោក Donald Kanak ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prudential Insurance Growth Market និងគណៈប្រតិភូ នៅក្នុងជំនួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងបរិស្ថាន។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារបរិស្ថាន ជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថាន គុណភាពចំណីអាហារ និងការរស់នៅស្អាត ដែលជាមូលដ្ឋានគ្រឹះមួយសម្រាប់គាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព ស្របពេលដែលប្រទេសកម្ពុជាមានកំណើនសេដ្ឋកិច្ចខ្ពស់ និងការកើនឡើងយ៉ាងឆាប់រហ័សនូវសមាសភាគប្រជាជនមានកម្រិតជីវភាពមធ្យម ដោយសារតែសុខសន្តិភាព និងស្ថិរភាពនយោបាយរឹងមាំជាប់មិនដាច់ក្នុងរយៈពេលជាងពីរទសវត្សរ៍ចុងក្រោយនេះ។ ទាំងនេះ គឺជាកត្តាអំណោយផលមួយសម្រាប់ទីផ្សារធានារ៉ាប់រងនៅកម្ពុជា។
ជាការឆ្លើយតប លោកប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Prudential បានកោតសរសើរចំពោះវឌ្ឍនភាពសង្គមកម្ពុជាលើគ្រប់វិស័យ រាប់ទាំងបរិស្ថាន និងការអភិវឌ្ឍដោយចីរភាពផង និងបានបញ្ជាក់ថា នឹងយកអនុសាសន៍ល្អៗរបស់ លោករដ្ឋមន្ត្រី ទៅគិតគូរបញ្ចូលក្នុងគោលនយោបាយរបស់ក្រុមហ៊ុន សំដៅជំរុញលើកទឹកចិត្តឱ្យអតិថិជនដែលជាវផលិតផលធានារ៉ាប់រងផ្សេងៗរបស់ខ្លួន យកចិត្តទុកដាក់ទៅលើនិរន្តរភាពបរិស្ថាន សុខភាព និងការរស់នៅស្អាត ៕