រដ្ឋមន្ត្រីទេសចរណ៍៖ «ទោះបីសាំងឡើងថ្លៃ តែប្រជាពលរដ្ឋក៏មានការសន្សំសំចៃដែរ ដើម្បីទុកថវិកាចាយវាយនៅពេលចូលឆ្នាំ…..មិនជិះឡានមួយម្នាក់ឯងទេ គឺអាចធ្វើដំណើរទៅជាក្រុមៗ ដើម្បីកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើដំណើរ»

ចែករំលែក៖

ភ្នំពេញ៖ បេី​តាមការបញ្ជាក់ពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅព្រឹកថ្ងៃ​ពុធ​ទី​០៦​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ សម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមិនទាន់មានជម្រើសក្នុងការទៅកម្សាន្តនៅតាមគោលដៅទេសចរណ៍នានា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវិស័យទេសចរណ៍ឯកជន បានបង្ហាញអំពីជម្រើសគោលដៅមួយចំនួន ខណៈមូលដ្ឋានគោលដៅទេសចរណ៍តាមខេត្តសំខាន់ៗ ក៏បានអះអាងពីការរៀបចំត្រៀមចាំទទួលភ្ញៀវទេសចរផងដែរ។

មានប្រសាសន៍​លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ឱ្យដឹងថា យោងតាមអ្វីដែលក្រសួងទេសចរណ៍ បានសង្កេតឃើញ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១មក គឺមានការរំពឹងទុកថា នឹងភ្ញៀវទេសចរចេញដើរកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈមកទល់ពេលនេះ នៅគោលដៅធំមានការកក់សណ្ឋាគារ ផ្ទះសំណាក់ ច្រើនណាស់ដែរហើយ ដូចជា សៀមរាប មណ្ឌលគិរី ខេត្តជាប់តំបន់ឆ្នេរជាដើម។

លោករដ្ឋមន្ត្រី​ បា​នថ្លែងយ៉ាងដូច្នេះថា៖ «ទោះបីសាំងឡើងថ្លៃ តែប្រជាពលរដ្ឋក៏មានការសន្សំសំចៃដែរ ដើម្បីទុកថវិកាចាយវាយនៅពេលចូលឆ្នាំ…..មិនជិះឡានមួយម្នាក់ឯងទេ គឺអាចធ្វើដំណើរទៅជាក្រុមៗ ដើម្បីកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើដំណើរ»។

លោករដ្ឋមន្ត្រី ថោង ខុន បានបន្តលើកឡើងអំពីគោលដៅពិសេសៗមួយចំនួនដូចជានៅសៀមរាបអង្គរ អាជ្ញាធរជាតិអប្សរាបានខិតខំកែលម្អសោភ័ណភាពបានច្រើន ការដើរកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរក៏ពោរពេញដោយធាតុអាកាសត្រជាក់ស្រួល ខណៈដែលនៅក្រុងសៀមរាប សម្ដេចតេជោ ហ៊ុន សែន ក៏ទើបនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវទាំង៣៨ខ្សែរួចរាល់ហើយដែរ។ នៅក្រុងព្រះសីហនុ ក៏ជាគោលដៅទេសចរណ៍មួយធំដែរ ដោយសារភ្ញៀវទេសចរចង់ទៅមើលការអភិវឌ្ឍទីក្រុង លេងទឹកសមុទ្រ ឆ្នេរខ្សាច់ស្អាតៗ បណ្ដាកោះក៏មានភាពទាក់ទាញច្រើន។ នៅខេត្តមណ្ឌលគិរី ខេត្តរតនគិរីក៏កក់បានច្រើនដែរ។ ក្រៅពីនោះ នៅខេត្តបាត់ដំបងដែលមានតំបន់កសិទេសចរណ៍ក៏មានការរៀបចំបានល្អៗដែរ។ នៅមានការកើតឡើងនូវគោលដៅទេសចរណ៍ថ្មីៗច្រើន ដូចជាអេកូទេសចរណ៍នៅខាងស្រុកវាលវែង ខេត្តពោធិ៍សាត់ និយាយរួម ស្ទើរតែគ្រប់ខេត្តទាំងអស់គឺបានរៀបចំឱ្យមានតំបន់កសិទេសចរណ៍ សហគមន៍អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ច្នៃប្រឌិតថ្មីៗជាច្រើន។

បន្ថែមពីនេះ​ លោករដ្ឋមន្ត្រី​ បានរំឭកអំពីគោលការណ៍ថ្មីនៃការធ្វើដំណើរកម្សាន្តដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចុះថ្មីៗនេះ គឺត្រូវប្រកាន់ខ្ជាប់នូវការងារបីចំណុច៖

ទី១៖ ត្រូវអនុវត្តនូវវិធានការណ៍ «៣-ការពារ ៣-កុំ» ប្រកាន់ខ្ជាប់នូវការពាក់ម៉ាស រក្សាគម្លាត សម្អាតនឹងទឹកអាកុលឱ្យបានត្រឹមត្រូវ ពិសេសត្រូវយកកាតវ៉ាក់សាំងដាក់តាមខ្លួន រាល់ពេលចេញដើរកម្សាន្ត ព្រោះមានកន្លែងខ្លះតម្រូវឱ្យភ្ញៀវបង្ហាញកាតចាក់វ៉ាក់សាំង ម្យ៉ាងទៀតក្រសួងសុខាភិបាលក៏មានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលចាក់វ៉ាក់សាំងនៅកន្លែងកម្សាន្តនោះតែម្ដង ប្រសិនបើដល់វេនចាក់ដូសទី៣ (ដូសជំរុញ)។

ទី២៖ ត្រូវប្រកាន់នូវស្មារតីគោរពច្បាប់ចរាចរណ៍ក្នុងការបើកបរធ្វើដំណើរ ដើម្បីឱ្យការធ្វើដំណើរឱ្យទៅដល់គោលដៅ និងត្រលប់មកផ្ទះវិញប្រកបដោយសុវត្ថិភាព។

ទី៣៖ ត្រូវប្រកាន់ខ្ជាន់នូវការថែរក្សាអនាម័យជាប់ជានិច្ច ដើម្បីបង្ការការពារការឆ្លងជំងឺឆ្លងផ្សេងៗ ពិសេសគឺជំងឺកូវីដ១៩ (អូមីក្រុង)។

ដោយឡែក​លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានថ្លែងនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ម្សិលមិញ​នេះដែរថា៖​ ដោយពិធីបុណ្យចូលឆ្នាំថ្មីជិតចូលមកដល់ហើយនោះ ប្រជាពលរដ្ឋក៏បានកក់សណ្ឋាគារ ផ្ទះសំណាក់ និងរមណីយដ្ឋានឯកជនជាបណ្ដើរៗហើយដែរនៅតាមបណ្ដាខេត្តផ្សេងៗ ដូចជានៅខេត្តជាប់តំបន់ឆ្នេរក៏មានការកក់សឹងតែពេញទៅហើយ នៅខាងប៉ែកភាគឦសានក៏មានការកក់ច្រើន រីឯនៅខាងខេត្តសៀមរាបក៏កក់ច្រើនដែរ។

អ្នកស្រីប្រធានសមាគមរូបនេះ​ បានផ្ដល់ជាមតិយោបល់ថា សម្រាប់ភ្ញៀវទេសចរគួរតែជ្រើសរើសកន្លែងកម្សាន្តដែលធំទូលាយ ដូចជាតាមបណ្ដាខេត្តធំៗដែលសម្បូរសេវាកម្មច្រើន។ លោកស្រី ឆាយ ស៉ីវលីន បានបន្ថែមថា​ ខេត្តសៀមរាបនៅតែជាប៉ូលទេសចរណ៍មួយដ៏សំខាន់ក្នុងការទទួលភ្ញៀវទេសចរនាឱកាសបុណ្យចូលឆ្នាំខាងមុខ ខណៈបច្ចុប្បន្នពោរពេញដោយភាពស្អាត និងទាក់ទាញ សម្បទាទេសចរណ៍ក៏មានច្រើន រីឯការផ្គត់ផ្គង់សេវាកម្មនោះក៏ច្រើនដែរ។

ជាមួយគ្នានោះ​ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប​ បានលើកឡើងដែរ​ថា​៖​ នៅខេត្តសៀមរាប សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខឆាប់ៗនេះ នឹងមានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាបនៅក្រុងសៀមរាប ផាប់ស្ត្រីត (Pub Street) អុំទូកលេងនៅតាមដងស្ទឹងសៀមរាប ល្បែងល្បាំប្រជាប្រិយ ការតាំងពិព័រណ៍ ពិធីកម្សាន្តតាមបែបសាសនានៅប្រាសាទចៅសាយទេវតាជាដើម។

លោកប្រធានមន្ទីរទេសចរណ៍​ បានបន្តទៀតថា មិនត្រឹមតែនៅក្នុងខេត្តប៉ុណ្ណោះទេ នៅតាមបណ្ដាស្រុកផ្សេងទៀតក៏រៀបចំកម្មវិធីកម្សាន្តច្រើន។ ក្រៅពីនោះ ភ្ញៀវទេសចរក៏អាចទៅទស្សនាកម្សាន្តនៅតាមគោលដៅប្រមាណ១៧គោលដៅទៀត ដូចជានៅសហគមន៍អេកូទេសចរណ៍ចង្ក្រានរយ ស្រុកវ៉ារិន នៅតំបន់ភ្នំគូលែនក៏មានសហគមន៍ថ្មីៗ២-៣ទៀតដែរ។ ជាមួយគ្នានោះ តំបន់ទន្លេសាបក៏មានភាពទាក់ទាញ ដូចជានៅសហគមន៍ចុងឃ្នាសក៏មានការរៀបចំឱ្យមានសកម្មភាពទេសចរណ៍ទាក់ទាញឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានទទួលយកមកគ្រប់គ្រងវិញ។

បើតាមលោកស្រី ឆាយ ស៉ីវលីន ក្រៅអំពីខេត្តសៀមរាប និងតំបន់ឆ្នេរសមុទ្រ ភ្ញៀវទេសចរក៏អាចទៅទស្សនាកម្សាន្តនៅតាមតំបន់អេកូទេសចរណ៍ផ្សេងៗទៀត ដូចជានៅខេត្តកោះកុង ដែលជាតំបន់សម្បូរទៅដោយអេកូទេសចរណ៍ សម្រាប់ភ្ញៀវទេសចរដែលចង់ផ្សារភ្ជាប់ជាមួយធម្មជាតិ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែងដែលសម្បូរទៅតំបន់អេកូទេសចរណ៍ រមណីយដ្ឋានទេសចរណ៍នៅតាមដងទន្លេ ក៏ដូចជាខេត្តមណ្ឌលគិរី និងខេត្តរតនគិរីនៅតំបន់ភូមិភាគឦសាន ដែលសម្បូរទៅដល់តំបន់ទេសចរណ៍ច្រើន និងអាកាសធាតុល្អ។ ក្រៅពីនេះ ខេត្តបាត់ដំបងក៏ជាជម្រើសល្អៗសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តដំណើរទេសចរណ៍នៅតាមរមណីយដ្ឋាន តំបន់បេតិកភណ្ឌប្រវត្តិសាស្ត ម្ហូបអាហារឆ្ងាញ់ៗជាដើម។

បន្ទាប់ការបើកប្រទេសឡើងវិញ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមកនោះ បានជំរុញឱ្យចលនាទេសចរផ្ទៃក្នុងចេះតែមានការរីកចម្រើនកើនឡើង ខណៈប្រជាជនកម្ពុជាក៏មានការចេញដើរកម្សាន្តច្រើនទៅគ្រប់ទីកន្លែងនៃគោលដៅទេសចរណ៍ក្នុងប្រទេស ដូចជាគោលដៅអេកូទេសចរណ៍ សៀមរាប-អង្គរ តំបន់ឆ្នេរជាដើម។

លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា ការជំរុញឱ្យភ្ញៀវទេសចរចេញដើរកម្សាន្តច្រើនបែបនេះ ក៏ដោយសារមានហេដ្ឋរចនាសម្ពន្ធល្អ និងក្រោមម្លប់សន្តិភាពពេញផ្ទៃប្រទេស។ ទោះជាយ៉ាងណា ក្រសួងទេសចរណ៍ក៏បានដាក់ចេញនូវសារាចរណែនាំដល់មន្ទីរទេសចរណ៍ទូទាំងប្រទេស និងមូលដ្ឋានអាជីវកម្មទេសចរណ៍ចូលរួមអនុវត្តផងដែរ។

សូមជម្រាបថា ដើម្បីធានាសុវត្ថិភាព សុខភាពសាធារណៈ វិបុលភាព និងភាពពេញចិត្តសម្រាប់ភ្ញៀវទេសចរកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ក្រសួងបានចេញសារចរណេនាំក្រសួងទេសចរណ៍បានណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដូចខាងក្រោម៖

១៖ ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរជំនាញ និងដៃគូពាក់ព័ន្ធ រៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រានចូលឆ្នាំ និងកម្មវិធីកម្សាន្តសប្បាយនានាតាមទំនៀមទំលាប់ប្រពៃណីទៅតាមលទ្ធភាពជាក់ស្តែង។

២៖ ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ពិសេសវិធានការ «៣ការពារ និង ៣កុំ» ឲ្យបានខ្ជាប់ខ្ជួន ព្រមជាមួយការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី ដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

៣៖ ត្រូវពង្រឹងការគ្រប់គ្រងឲ្យបានល្អប្រសើរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា ពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយអនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត។

៤៖ ត្រូវជំរុញឲ្យម្ចាស់អាជីវកម្ម និងគោលដៅទេសចរណ៍នានារៀបចំឲ្យមានកម្មវិធីលើកទឹកចិត្តចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំង ខណៈដែលបុគ្គលិកបម្រើការទាំងអស់ត្រូវទទួលបានការចាក់វ៉ាក់សាំងតាមការកំណត់របស់ក្រសួងសុខាភិបាល។

៥៖ ត្រូវសហការជាមួយអាជីវករ និងប្រតិបត្តិករទេសចរណ៍ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់ថ្លៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗត្រូវសរសេរឲ្យបានច្បាស់ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណីមិនអនុវត្តតាមតារាងដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋានអាជីវកម្មត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

៦៖ ត្រូវរៀបចំឲ្យមានក្រុមការងារចុះផ្សព្វផ្សាយ និងជំរុញការអនុវត្តខ្លឹមសារសារាចរណែនាំនេះឲ្យបានទូលំទូលាយ និងគ្រប់រូបភាពទៅដល់ប្រតិបត្តិករទេសចរណ៍ និងត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិភ្ញៀវទេសចរនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានា និងផ្ញើមកក្រសួងទេសចរណ៍ឲ្យបានទាន់ពេលវេលាជាប្រចាំថ្ងៃ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print