កម្លាំង​នគរបាល​ចំនួន​ ១៤ខណ្ឌក្នុង​រាជធានីភ្នំពេញ​ ចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខសុវត្ថិភាព បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ​៖​ ដេីម្បីទប់ស្កាត់រាល់បទល្មេីសផ្សេងៗ​ ដែល​អាច​កើត​មាន​ឡើង​ជាយថាហេតុ​ កម្លាំង​នគរបាល​ចំនួន​ ១៤ខណ្ឌ​ចំណុះឱ្យ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ បានបន្តចេញល្បាតការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន។

ជាក់ស្ដែង​នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានចាត់ឱ្យ​កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង។

ដោយឡែក​នៅយប់ម៉ិញនេះ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដោយមានការដឹកនាំបញ្ជាពីលោកវរសេនីយ៍ទោ អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ក៏បានចេញល្បាត ពួនស្ទាក់ ការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យផងដែរ។

គួរជម្រាបដែរថា​ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅព្រឹកថ្ងៃទី០៦ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​ ជនសង្ស័យ​ចំនួន​ ១៨នាក់ ត្រូវបានសមត្ថកិច្ចនៅទូទាំងប្រទេសកម្ពុជា​ ឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នាថ្ងៃទី០៥ ខែមេសាម្សិលមិញនេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ​ បានគូសបញ្ជាក់បន្ថែមថា​ ក្នុងចំណោមជនសង្ស័យទាំង១៨នាក់នោះ៖ មាន១១នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសព្រហ្មទណ្ឌ០៧ករណី និងជនសង្ស័យ ០៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសគ្រឿងញៀន០៤ករណី។

ជាមួយគ្នានោះ​ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។​ ទន្ទឹមនឹងនេះ​ លោកអ្នកនាំពាក្យ​ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើត​ជាយថាហេតុ​នៅមូលដ្ឋានរបស់ខ្លួន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print