ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ភាគខាងកើតប្រទេសអូស្ត្រាលីនៅថ្ងៃទី៧ខែមេសានេះ ។ កម្រិតទឹកភ្លៀងធ្លាក់ក្នុងមួយយប់ស្មើនឹងកម្រិតទឹកភ្លៀងពេញមួយខែ ។ ភ្លៀងធ្លាក់ខ្លាំងក៏បានបង្កឱ្យមានគ្រោះទឹកជំនន់ ហើយពលរដ្ឋជាច្រើនក៏ត្រូវបានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពផងដែរ ។
ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែមេសា ឆ្នាំ២០២២បានផ្សាយថា អាជ្ញាធរអូស្រ្តាលី នៅថ្ងៃទី៧ខែមេសា បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបាន និងកំពុងបោកបក់លើតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេស ដែលនាំឱ្យមានទឹកជំនន់ជន់លិចផ្លូវក្នុងទីក្រុងស៉ីដនីភ្លាមៗ ជាហេតុនាំឱ្យអាជ្ញាធរចេញសេចក្តីណែនាំប្រាប់ឱ្យប្រជាជនតាមទីតាំងខ្លះជម្លៀសខ្លួន ដោយព្រមានថានឹងមានភ្លៀងធ្លាក់កាន់តែច្រើនពេញមួយថ្ងៃ។
ប្រជាជនដែលស្នាក់នៅមណ្ឌលថែទាំមួយត្រូវបានជម្លៀសចេញពេញមួយយប់ ខណៈដែលក្រុមសង្គ្រោះបន្ទាន់បានជំរុញឱ្យប្រជាជនចំនួន៥លាននាក់ក្នុងទីក្រុងស៊ីដនី ចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងប្រុងប្រៀបខ្លួនសម្រាប់ការជម្លៀសចេញ។ មកទល់ពេលនេះកម្រិតទឹកភ្លៀងនៅទីក្រុងស៊ីដនីបានកើនឡើងរហូតដល់១,២២៦.៨មិល្លីម៉ែត្រហើយ ពោលគឺច្រើនជាងកម្រិតទឹកភ្លៀងប្រចាំឆ្នាំដែលជាមធ្យមមានចំនួន ១,២១៣មិល្លីម៉ែត្រ។
ទីភ្នាក់ងារឧតុនិយមអូស្រ្តាលី បានបញ្ជាក់ថា តំបន់ឆ្នេរសមុទ្រ Bondi ដ៏ពេញនិយមបំផុតសម្រាប់ទេសចរនៅទីក្រុងស៉ីដនី បានកត់ត្រាកម្រិតទឹកភ្លៀងប្រហែល ១៧០មិល្លីម៉ែត្រ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ហើយក្នុងរយៈពេល ២៤ម៉ោងបន្ទាប់ កម្រិតទឹកភ្លៀងធ្លាក់នៅទីក្រុងស៊ីដនី អាចនឹងកើនឡើងរហូតដល់១៨០
មិល្លីម៉ែត្រ។
រដូវក្តៅនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសអូស្ត្រាលី ត្រូវបានគ្របដណ្ដប់ដោយបាតុភូតអាកាសធាតុ La Nina ដែលជា ធម្មតាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងនៃកម្រិតទឹកភ្លៀងក្នុងរយៈពេល ២ឆ្នាំជាប់គ្នា។
ក្នុងរយៈពេល៦សប្ដាហ៍ចុងក្រោយនេះ ភ្លៀងធ្លាក់ខ្លាំងបានវាយប្រហារតំបន់ភាគខាងកើតនៃប្រទេសអូស្ត្រាលី ដោយផ្នែកជាច្រើននៃតំបន់ភាគខាងជើងនៃរដ្ឋញូវសោត
វែលនិងតំបន់ភាគអាគ្នេយ៍នៃរដ្ឋឃ្វីនលែន បានកត់ត្រាកម្រិតទឹកភ្លៀងធ្លាក់ច្រើនបំផុត៕ ដោយធីរីណា
(រូបថត:AFP/TTXVN)