ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសណ្ដាប់ធ្នាប់ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ចុះបង្ក្រាបផ្ទះលួចបើកល្បែងស៊ីសងហ្គេមបាញ់ត្រីមួយកន្លែង ដោយធ្វើការដកហូតបានទូហ្គេមបាញ់ត្រីចំនួន ២គ្រឿង កាលពីវេលាម៉ោងប្រមាណ៩ និង៣៥នាទីព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២២ នៅចំណុចផ្ទះល្វែងជួល ស្ថិតនៅតាមបណ្តោយផ្លូវK5 ក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពីសណ្ដាប់ធ្នាប់ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានប្រាប់ឱ្យដឹងថា ទីតាំងបើកល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះ បានដំណើរការលួចលាក់ ហើយត្រូវបានប្រជាពលរដ្ឋ រាយការណ៍ប្រាប់រយៈពេលប្រមាណជាង១ខែ មកហើយ។ ជាក់ស្បែង នៅវេលាម៉ោង៦ជាងព្រឹក កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងកម្លាំងសណ្តាប់សង្កាត់ ក៏បានចុះធ្វើការឡោមព័ទ្ធទីតាំងខាងលើនេះផងដែរ។ លុះវេលាម៉ោង៩ជាងព្រឹក បានជួបជុំគ្នា ចុះត្រួតពិនិត្យរដ្ឋាបាលឆែកឆេរឃើញ តែកៅអី ដោយផ្ទះខាងលើបានចាក់សោជាប់ទ្វារក្រោយ ហើយទូហ្គេម ត្រូវបានម្ចាស់ដោះយកទៅលាក់ទុកដោយយកក្រណាត់គ្របពីលើ។ ភ្លាមៗនោះ អាជ្ញាធរ ក៏បានធ្វើការកាត់សោរចូលទៅដកហូតទូហ្គេមបាញ់ត្រីបានចំនួន ២គ្រឿង តែក្បាលម៉ាស៊ីន ដែលជាឧបករណ៍បញ្ជា ត្រូវបានម្ចាស់ដោះយករត់គេងខ្លួនទៅបាត់។
ប្រភពដដែលបានឱ្យដឹងទៀតថា នៅមុនពេលចុះបង្ក្រាបទំនងជាម្ចាស់ទីតាំង និងបុគ្គលិក ព្រមទាំងអ្នកលេងដឹងខ្លួនមុន ហើយរត់គេចខ្លួនបាត់អស់ និងនាំគ្នា ដោះយកគ្រឿងក្នុង រួចសែងទូរហ្គេមបាញ់ត្រីនោះយកទៅចាក់សោលាក់ទុកនៅខាងក្រោយផ្ទះ តែលាក់មិនជិត ត្រូវបានអាជ្ញាធរ និងកម្លាំងសណ្តាប់ នាំគ្នាចូលទៅរឹបអូសយក ដឹកបញ្ជូនមកកាន់សាលាខណ្ឌ ដើម្បីកម្ទេចចោល៕
ដោយ៖ ភារ៉ា ដង្កោ