ភ្នំពេញ៖ ផ្តើមចេញពីមនោសញ្ចេតនាគោរពស្រឡាញ់ដល់វីរកងទ័ពនិងវីរនគរបាលឈរជើងនៅទិសប្រាសាទព្រះវិ ហារការពារទឹកដីនោះ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញតែងបានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែនទៅផ្តល់ជូនបងប្អូនកងទ័ពនិងគ្រួសារកងទ័ពជាប់ជាប្រចាំក្នុងនាមអង្គ
ភាពសម្ពន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្នុងឧិកាសបុណ្យទានម្តងៗ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៧មេសា ២០២២នេះ ប្រតិភូរដ្ឋបាលរាជធានីភ្នំពេញដឹកនាំដោយលោកស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញទៅសួរសុខទុក្ខបងប្អូនកងទ័ពជាច្រើនអង្គភាពឈរជើងនៅទិសប្រាសាទព្រះវិហារដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងចូលមកដល់នៅថ្ងៃទី១៤ដល់ ទី១៦ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។
ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣បានថ្លែងថា ជានិច្ចកាលរដ្ឋបាលរាជធានីភ្នំពេញ ពិសេសក្នុងរយៈពេល២ឆ្នាំនេះគឺមិនបានភ្លេចកងទ័ពឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនទិសប្រាសាទព្រះវិហារនោះឡើយ ទោះបី ជាប់ដៃមមាញឹកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ក្តី។ ចំណែកដៃម្ខាងទៀតបានកសាងនិងអភិវឌ្ឍន៍រាជធានីភ្នំពេញចេញជាសមិទ្ធផលជាច្រើនក្រោមការដឹកនាំផ្ទាល់របស់លោក ឃួង ស្រេង និងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។លោកឧត្តមសេនីយ៍ស្រី ឌឹក បន្តទៀតថា ដោយមានការជួយឧបត្ថម្ភគាំទ្រពីរដ្ឋបាលរាជធានីភ្នំពេញ, ពីលោកឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទបាន
ធ្វើឱ្យអង្គភាពទ័ពឈរជើងទិសប្រាសាទព្រះវិហារសម្រេចកសាងបាននូវហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រតាមបន្ទាត់ព្រំដែនបានយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីប្រវែងជាង១០០គីឡូម៉ែត្រតាមជួរភ្នំដងរែក។
លោក ស៊ុយ សេរិទ្ធ បានកោតសរសើរដោយស្មោះអស់ពីដួងចិត្តចំពោះការលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារទឹកដី។ លោកអភិបាលរងក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញការប្តេជ្ញាចិត្តគាំទ្រដល់បងប្អូនកងទ័ពនៅសមរភូមិជួរមុខទិសប្រាសាទព្រះវិហារជានិច្ច ទោះបីដៃម្ខាងជាប់ដៃទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងដៃម្ខាងទៀតជាប់កសាងអភិវឌ្ឍន៍រាជធានីភ្នំពេញក្តី។ ក្រៅពីជួយលើផ្នែកជីវភាព រស់នៅរបស់កងទ័ពនិងគ្រួសារកងទ័ព ហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានស្ថាបនាឡើងដើម្បីបម្រើសេចក្តីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងទ័ព។ក្នុងនោះក៏មានការបង្កើតប្រព័ន្ធទឹកស្អាតនៅកងពលតូចអន្តរាគមន៍លេខ៩និងប្រព័ន្ធទឹកស្អាតឡើងដល់កំពូលភ្នំផងដែរ។
លោកស៊ុយ សេរិទ្ធ បាននាំយកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតទៅផ្តល់ជូនអង្គភាពកងទ័ពដែលឈរជើងទិសប្រាសាទព្រះវិហារក្នុងនោះមានកងពលធំ អន្តរាគមន៍លេខ៣ ថវិកា២០លានរៀល, ផ្តល់អំណោយជាថវិកាសំរាប់នាយទាហាន និងពលទាហានដោយឡែកបន្ថែម។ ផ្តល់ប្រេងម៉ាស៊ូត៦០០០លីត្រ, មី ៣០០កេស,ទឹកសុទ្ធ១០០កេស,ទឹកត្រីទឹកស៊ីអុីវ២០០យួរ។ ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ៩មានថវិកា២០លានរៀល,ប្រេងម៉ាស៊ូត៦០០០លីត្រ, មី៥០០កេស,ទឹកសុទ្ធ៣០០កេស,ទឹកត្រីទឹកស៊ីអុីវ៦០០យួរ ។ ឧបត្ថម្ភការរៀបចំប្រព័ន្ធបូមទឹកនៅចំណុចខ្ពស់ជួរមុខតំបន់មុំ៣ចំនួន២២.៥៣០ដុល្លារ។ ឧបត្ថម្ភវរនគរបាលការពារព្រំដែនលេខ៧៩៣ ថវិកា៥លានរៀល,ឧបត្ថម្ភនាយ នាយរងនិងពលនគរបាលតាមតួនាទីជាច្រើនរូប, ផ្តល់ប្រេងម៉ាស៊ូត១០០០លីត្រ,មី១០០កេស,
ទឹកសុទ្ធ១០០កេស,ទឹកត្រីទឹកស៊ីអុីវ១០០យួរ។ ឧបត្ថម្ភបញ្ជាការដ្ឋានអង្គរក្សថវិកា២០លានរៀល,មី២០០កេស,ទឹកសុទ្ធ១០០កេស,ទឹកត្រីទឹកស៊ីអុីវ១០០យួរ។ ឧបត្ថម្ភកងពលតូចអន្តរាគមន៍លេខ១២៨ ថវិកា២០លានរៀល,ប្រេងម៉ាស៊ូត៧០០០លីត្រ,មី៩០០កេស,ទឹកសុទ្ធ៤០០កេស,ទឹកត្រីទឹកស៊ីអុីវ១០០០យួរ ព្រមទាំងបានឧបត្ថម្ភដល់វរសេនាតូចចំនួន៥វរៈផងដែរ៕ សំរិត