រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុញ្ញាតឱ្យ លោកប្រធានសាលាដំបូង និង លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ : លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោកប្រធានសាលាដំបូង និង លោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម មុនរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះ ។

សូមបញ្ជាក់ថា, នៅថ្ងៃព្រហស្បតិ៍ ៦ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ នេះ, លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ និង លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសហការីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម នៅទីស្តីការក្រសួងយុត្តិធម៌។

នៅក្នុងជំនួបសំណេះសំណាលនេះ, លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសមិទ្ធផល និងការចម្រើននានាក្នុងវិស័យយុត្តិធម៌រយៈពេលជិត ៣០ ឆ្នាំមកនេះ បន្ទាប់ពីកម្ពុជាងើបចេញពីភ្នក់ភ្លើងសង្គ្រាម និងទទួលបានសុខសន្តិភាពពេញលេញ។ លោករដ្ឋមន្ត្រី បានកត់សម្គាល់ថា វិស័យយុត្តិធម៌កម្ពុជានាពេលបច្ចុប្បន្ន គឺមានការរីកចម្រើនខ្លាំងបើប្រៀបធៀបជាមួយនឹងរយៈពេល ៣០ ឆ្នាំមុន ដែលនេះគឺកើតចេញពីសុខសន្តិភាពពេញលេញដែលកម្ពុជាទទួលបាន រួមជាមួយនឹងការខិតខំប្រឹងប្រែងថែរក្សាសុខសន្តិភាពបន្តរបស់តួអង្គពាក់ព័ន្ធនានា ហើយក្នុងនោះអង្គចៅក្រម និងមន្រ្តីតុលាការផ្សេងទៀតក៏ជាតួអង្គមួយដ៏សំខាន់ក្នុងការថែរក្សាសុខសន្តិភាពផងដែរ។

លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានលើកទឹកចិត្តឱ្យចៅក្រម ព្រះរាជអាជ្ញា រួមទាំងតួអង្គពាក់ព័ន្ធផ្សេងទៀតដែលធ្វើការក្នុងវិស័យយុត្តិធម៌ត្រូវបន្តខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពតាមច្បាប់ ដើម្បីឱ្យស្របតាមទិសដៅនៃការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់កម្ពុជា ដែលមានដូចជា ការពង្រឹងគុណភាពនៃការផ្តល់សេវាយុត្តិធម៌ ការគោរពក្រមសីលធម៌វិជ្ជាជីវៈ និងការពង្រឹងគុណភាពនៃការកាត់ក្តីជាដើម ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print