ខេត្តស្ទឹងត្រែង: មន្ទីរទេសចរណ៍ខេត្តបានលើកទឹកចិត្ត គ្រប់ប្រជាសហគមន៍អេកូទេសចរណ៍ ត្រូវនាំគ្នារៀនកែច្នៃ វត្ថុអនុស្សាវរិយ៍ និងផលិកសិកម្ម សម្រាប់លក់ដូរយកប្រាក់ចំណូល តែសូមកុំលក់តម្លើងថ្លៃដែលនាំឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវទេសចរណ៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះ។
នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចអន្លង់ឈើទាល ភូមិក្រឡាពាស ឃុំព្រះរំគិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
លោកអ៊ន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តបានណែនាំទៅប្រជាសហគមន៍ នាំគ្នាលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុក តាមរយៈការលក់ដូរ ចំណីអាហារមិនតម្លើងថ្លៃ ហួសហេតុក្នុងឱ្យកាសមានបុណ្យទានម្តងៗ ជាងពិសេសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយើងខាងមុខនេះ។
លោកបន្តថា: ការអនុវត្តបានល្អទៅតាមគោលការណ៍ ជាចំណែកមួយយ៉ាងសំខាន់ដើម្បីយើងបានជំរុញ ទៅដល់ការលើកកម្ពស់ផលិតផលដែលយើងផលិតបានផងដែរ។ គឺរាល់ផលិតផលទេសចរណ៍ដែលបងប្អូនយើងនាំមកលក់គឺ សម្រាប់បម្រើឱ្យភ្ញៀវទេសចរណ៍ក្នុងតំបន់នេះ ជាផលិតផលក្នុងស្រុករបស់យើង ផលលិតផលបានពីផលិតផលកសិកម្ម ដូចជាដំណាំហូបផ្លែ ត្រីសាច់និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលអាចប្រែក្លាយជាវត្ថុអនុស្សាវរីយ៍ទេសចរណ៍ តាមការកែច្នៃវត្ថុធាតុដើម នៅក្នុងតំបន់នេះ ត្រូវតែរៀបចំជំរុញធ្វើម៉េចប្រើប្រាស់នូវវត្ថុធាតុដើម នៅក្នុងតំបន់ឱ្យបានច្រើនជាង ហើយយើងត្រូវធ្វើកិច្ចការងារជាមួយគ្នាបន្តទៀត ជាមួយនិងអង្គភាពពាក់ព័ន្ធមួយចំនួន ដែលត្រូវជម្រុញឲ្យរួមគ្នាធ្វើការដែលជាផលិតផលក្នុងស្រុក។
កញ្ញាសៃ ម៉ី អ្នកលក់ដូរនៅរមណីដ្ឋានទេសចរណ៍បានបញ្ជាក់ថា: ភ្ញៀវទេសចរណ៍បច្ចុប្បន្នមិននិយមទិញវត្ថុអនុស្សាវរិយ៍ និងសម្លៀកបំពាក់ទេ គឺពួកគាត់ភាគច្រើនទិញចំណីរអាហារផ្លែកៗ និងផលិតផលដែលផលិតឡើងពីធម្មជាតិ ព្រោះពួកគាត់គិតពីសុខភាពជារឿងសំខាន់។
កញ្ញាបន្តថា: នៅពេលមានបុណ្យទាន ប្រជាសហគមន៍បានធ្វើនំចំណី យកមកលក់ដូរច្រើនគ្នា និងខ្លះទៀតបានកែច្នៃវត្ថុអនុស្សាវរិយ៍ និងមួយចំនួននាំចូលពីប្រទេសជិតខាង។
ចំណែកកញ្ញាថង បាង បានទទួលស្គាល់ថា: ទំនិញដែលនាំចូលនៅតំបន់នេះ មានតែស្រាបៀរឡាវទេ និងវត្ថុអនុស្សវរិយ៍មួយចំនួន ភ្ញៀវទេសចរបាននិយមចូលចិត្តទិញ យកទៅបរិភោគនិងប្រើប្រាស់ផងដែរ។
កញ្ញាបន្តថា: ពួកគាត់និងប្រឹងប្រែងនាំគ្នាកែច្នៃផលកសិកម្ម យកមកលក់នៅតំបន់ទេសចរណ៍ដើម្បីរកប្រាក់ដោះស្រាយជីវភាព និងបានរួមគ្នាលើកស្ទួយវិស័យទេសចរណ៍ ដើម្បីថែរក្សាសហគមន៍អេកូទេសចរណ៍នេះកុំឱ្យបាត់បង់ ទោះបីសត្វផ្សោតបានស្លាប់អស់ទៅហើយក៍ដោយ។
សូមបញ្ជាក់ថា: នៅខេត្តស្ទឹងត្រែងមានសហគមន៍អេកូទេសចរណ៍ មានចំនួនបីកន្លែងតែប៉ុណ្ណោះ ដែលកំពុងដំណើរការបំរើភ្ញៀវទេសចរណ៍ជាអចិន្ត្រៃ ក្នុងនោះមាន សហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាល សហគមន៍អេគូទេសចរណ៍ស្រុកសៀមបូក -អេគូទេសចរណ៍អន្លង់ផ្សោតព្រះរំកិល -និងភ្នំជម្រកសត្វឆ្វាំង នៅក្នុងស្រុកថាឡាបរិវ៉ាត់៕
ដោយ:មាស សុផាត