សម្ដេចក្រឡាហោម ស ខេង ឯកភាពឱ្យសិក្សាច្បាប់ ស្ដីពីការពពោះជំនួស ឡើងវិញ ក្រោយពីច្បាប់នេះ បានផ្អាកការសិក្សាមួយរយៈ

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានមានប្រសាសន៍ឯកភាពឱ្យស្ថាប័នពាក់ព័ន្ធទាំងអស់រួមគ្នាសិក្សាឡើងវិញអំពីច្បាប់ ស្ដីពីការពពោះជំនួស ក្រោយពីច្បាប់នេះ ត្រូវបានផ្អាកការសិក្សាមួយរយៈ។ នេះបើយោងតាម ប្រភពពីនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។

ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២១ និងទិសដៅការងារបន្ដឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ មានប្រសាសន៍បានឱ្យដឹងថា ច្បាប់ ស្ដីពីការពពោះជំនួស ត្រូវបានរៀបចំឡើងដោយក្រសួងកិច្ចការនារី កាលពីឆ្នាំ២០១៦។ សម្ដេចក្រឡាហោម បានបន្ដថា ច្បាប់ពពោះជំនួសនេះ ជាច្បាប់ថ្មីសម្រាប់កម្ពុជា ដូច្នេះទាមទារឱ្យមានការសិក្សាពីបណ្ដាប្រទេសជិតខាង។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ប៉ុន្ដែដោយសារច្បាប់នេះថ្មីសម្រាប់កម្ពុជា អញ្ចឹងទេ យើងត្រូវការសិក្សាឱ្យបានហ្មត់ចត់ ដូច្នេះត្រូវការពេលវេលា ហើយរហូតមកដល់ពេលនេះ យើងបានសិក្សាហ្មត់ចត់ជាងមុនហើយ ដូច្នេះអាចលើកយកបញ្ហានេះមកវិញ ព្រោះកន្លងមក ខ្ញុំស្នើឱ្យផ្អាកមួយរយៈ អញ្ចឹងឥលូវនេះអាចលើកយកបញ្ហានេះមកជជែកគ្នាឡើងវិញបាន ខ្ញុំសូមគាំទ្រ»។

ពាក់ព័ន្ធទៅនិងច្បាប់ពពោះជំនួស សម្ដេចក្រឡាហោម ស ខេង ក៏បានស្នើដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្ដសិក្សាពីបណ្ដាប្រទេសមួយចំនួន នៅក្នុងតំបន់ ក៏ដូចជា អន្ដរជាតិ ដែលប្រទេសនោះធ្លាប់បានធ្វើរួចហើយ។ សម្ដេចក្រឡាហោម បានបញ្ជាក់ថា ប៉ុន្ដែក្រោយមកប្រទេសទាំងនោះ បានលុបច្បាប់នេះចោលវិញ ដូច្នេះត្រូវសិក្សាអំពីមូលហេតុ នៃការលុបចោលច្បាប់នេះផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print