ភ្នំពេញ ៖បុរសម្នាក់ផឹកស្រវឹងស្រាបានទៅរកសេវាកម្មផ្លូវភេទនៅម្តុំវត្តភ្នំ ហើយក៏បាននិយាយចរចាតម្លៃត្រូវគ្នាជាមួយនារីម្នាក់ រួចបានឡើងជិះម៉ូតូឡាំប្រឺតាទៅរកផ្ទះសំណាក់ ស្រាប់តែត្រូវនារីរូបនោះបន្លំលួចលុយអស់២០ម៉ឺនរៀល និងបានហៅគ្នាមកវាយ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន ។
ហេតុការណ៍នេះបង្កឱ្យការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៣ទៀបភ្លឺឈានចូល ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស មុខសណ្ឋាគារភ្នំពេញ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បុរសរងគ្រោះសុំមិនប្រាប់អត្តសញ្ញាណបានឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់ទើបនឹងចេញពីកម្មវិធីមិត្តភក្តិបានផឹកស្រាស្រវឹងស្រឿងៗ ហើយក៏បានទៅវត្តភ្នំរកនារីកំដរអារម្មណ៍ ខណៈគាត់ទៅដល់បានត្រូវចិត្តនារីម្នាក់ រួចនិយាយថ្លៃត្រូវរ៉ូវគ្នា ក៏ឡើងជិះម៉ូតូឡាំប្រឺតាទៅរកផ្ទះសំណាក់ដើម្បីគេង។
ប្រភពដដែលបន្តថា នៅតាមផ្លូវនារីរូបនោះបានបន្លំលួចលុយគាត់អស់ចំនួន២០ម៉ឺនរៀល និងទារចុះពីលើម៉ូតូម៉ូតូឡាំប្រឺតា មិនព្រមទៅជាមួយគាត់ទេ ធ្វើឲ្យមានការប្រកែកគ្នា ហើយនារីរូបនោះ ក៏បានហៅគ្នាមកវាយរូបគាត់ បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន ដោយចោទប្រកាន់ថា លួចទូរស័ព្ទនាងនោះទៅវិញ ។
រីឯនារីដែលសង្ស័យថាលួចលុយគេនោះ បានឱ្យដឹងដែរថា មូលហេតុដែលគាត់វាយបុរសរូបនោះ ព្រោះចង់ការពារខ្លួនដោយសារបុរសរូបនេះមានគំនិតចង់លួចទូរស័ព្ទរបស់នាង ។
បន្ទាប់ពីពេលកើតហេតុ ដោយមានការភ្ញាក់ផ្អើលខ្លាំង ហើយបុរសរងគ្រោះខ្លាចខ្មាសគេផងនោះ ក៏បានឡើងជិះម៉ូតូឡាំប្រឺតាគេចចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយមិនបានប្តឹងផ្តល់អ្វីនោះទេ ៕
ដោយ៖ជ្រោយពេជ្រ