ភ្នំពេញ÷ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញដីកាមួយបង្គាប់ឱ្យកម្លាំងសាធារណៈឱ្យនាំខ្លួន លោក សៀម ភ្លុក តំណាងស្ថាបនិក គណបក្សបេះដូងជាតិ ឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ពាក់ព័ន្ធនឹងករណីក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង ក្នុងការបង្កើតគណបក្សនេះ។
តាមដីកាតុលាការបញ្ជាក់ថា លោក សៀម ភ្លុក ត្រូវបានចោទប្រកាន់ចំនួន២បទល្មើស រួមមាន បទក្លែងបន្លំ និងបទប្រើប្រាស់លិខិតក្លែង ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ ដែលបទល្មើស ដែលមានចែង និងឱ្យផ្តន្ទាទោសតាមមាត្រា៦២៦, មាត្រា៦២៧ និងមាត្រា៦២៨ នៃក្រមព្រហ្មទណ្ឌ។
ដីកានេះបានបញ្ជាក់ទៀតថា៖ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ សៀម ភ្លុក មកចំពោះមុខចៅក្រមស៊ើបសួរ ដើម្បីបំភ្លឺការពិត។ ហេតុដូច្នេះសម្រេច៖
១៖ ឱ្យនាំខ្លួនឈ្មោះ សៀម ភ្លុក ភេទប្រុស ដែលមានអត្តសញ្ញាណខាងលើនេះ។
២៖ បង្គាប់មកកងកម្លាំងសាធារណៈឱ្យនាំខ្លួនជនត្រូវចោទខាងលើនេះ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ ជាកំហិត ដើម្បីចាត់ការតាមច្បាប់។
សូមជម្រាបថា ក្រសួងមហាផ្ទៃ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ បានចេញប្រកាសមួយ ដោយសម្រេចលុបឈ្មោះ «គណបក្សបេះដូងជាតិ» ចេញពីបញ្ជីគណបក្សនយោបាយ។ ការចេញប្រកាសលុបឈ្មោះគណបក្សបេះដូងជាតិនេះ បានធ្វើឡើងបន្ទាប់ពី តុលាការកំពូល បានបើកសវនការ និងបានប្រកាសសាលដីកា សម្រេចទាត់ចោលបណ្ដឹងរបស់ លោក សៀម ភ្លុក ដែលប្រឆាំងនឹងការបដិសេធក្រសួងមហាផ្ទៃ ចំពោះសំណើបង្កើតគណបក្សបេះដូងជាតិ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ហើយបានបិទផ្លូវតវ៉ា៕
ដោយ៖ សូរិយា