ភ្នំពេញ៖ អត្តពលិកកីឡាសូហ្វតឺន្នីសកម្ពុជា បានចេញដំណើរទៅចូលរួមប្រកួតកីឡាសូហ្វតឺន្នីស ជើងឯកអាស៊ាន លើកទី១នៅទីក្រុងSabah ប្រទេសម៉ាឡេស៊ី រយៈពេល៥ថ្ងៃ ចាប់ថ្ងៃទី២៨ខែមេសាដល់ថ្ងៃទី២ខែឧសភាឆ្នាំ២០១៦ទើបត្រឡប់មកវិញ នេះបើតាមការឲ្យដឹងពីលោក ជា ប៊ុន ហេង ប្រធានប្រតិភូដឹកនាំកីឡាសូហ្វតឺន្នីសកម្ពុជាទៅចូលរួមប្រកួត ក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃទី២៧ខែមេសាឆ្នាំ២០១៦កន្លងទៅ។
លោក ជា ប៊ុនហេង បានអះអាងថា ក្នុងដំណើរយុទ្ធនាការស្វែងរកមេដាយ របស់ក្រុមកីឡាករកីឡាការិនី សូហ្វតឺន្នីសកម្ពុជានាពេលនេះ គឺដើម្បីស្វែងយល់ខ្លះៗពីរបៀបនៃការងាររៀបចំ ព្រឹត្តិការណ៍ អន្តរជាតិ និងក៏ជាការពង្រឹងសមត្ថភាពកីឡាករកីឡាការិនីសូហ្វតឺន្នីសកម្ពុជាផងដែរ។ លោកបានបន្តទៀតថា ចំពោះវត្តមានលើកទី១របស់សូហ្វតឺន្នីសកម្ពុជានាពេលនេះ គឺទទួលបានការជួយឧបត្ថម្ភ ផ្នែកសម្ភារនិងសំបុត្រយន្តហោះស្នាក់នៅ ពីសំណាក់សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំនួន៤ពាន់ដុល្លារ និង ក្រសួងអប់រំយុវជននិងកីឡាផ្តល់ជួននូវប្រាក់ហោប៉ៅ សម្រាប់កីឡាករកីឡាការិនីម្នាក់ៗចំនួន២០ដុល្លារក្នុងមួយថ្ងៃ។
ប្រធានប្រតិភូរូបនេះបានបន្តទៀតថា ចំពោះដំណើរចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ីលើកនេះ មាន២កម្មវិធី គឺប្រកួតកីឡាសូហ្វតឺន្នីសជើងឯកអាស៊ី មានប្រទេសចូលរួម ដូចជា កូរ៉េ ជប៉ុន តៃវ៉ាន់ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម កម្ពុជា និងម្ចាស់ផ្ទះម៉ាឡេស៊ី។
ចំពោះវិញ្ញាប្រកួត មានវាយគូបុរស អាយុ២១ឆ្នាំកីឡាករ កាន់ សោភ័ណ្ឌនិងកីឡាករ ឯក ចំរើន , វាយឯកត្តជនបុរសអាយុ១៨ឆ្នាំកីឡាករ យី សរសារិទ្ធ, វាយគូបុរសអាយុ១៨ឆ្នាំកីឡាករ ឌឹម សម្បត្តិ និងជា សែនវិស្សុត និងវាយឯកត្តជនកីឡាករ សាយ សុខចិត្ត្រាអាយុ១៥ឆ្នាំ,វាយគូនារីអាយុ១៥ឆ្នាំ គឺកីឡាការិនី ម៉េត ម៉ារីយ៉ាននិង បូរ ទីងហ៊ុយ។
ដោយឡែកការប្រកួតក្នុងក្របខ័ណ្ឌកីឡាសូហ្វតឺន្នីសជើងឯកអាស៊ានវិញ មានតែ៥ប្រទេសចូលរួមប៉ុណ្ណោះ គឺ ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម កម្ពុជា និងម្ចាស់ផ្ទះម៉ាឡេស៊ីហើយមានតែ១វិញ្ញាសាគត់គឺប្រកួតជាក្រុមវិលជុំសន្សំពិន្ទុ។
គួររំលឹកថា កីឡាសូហ្វតឺន្នីស ទើបតែមានសមាជិកចំនួន៨ប្រទេសប៉ុណ្ណោះក្នុងអាស៊ាន ហើយប្រទេសកម្ពុជា គ្រោងធ្វើម្ចាស់នាឆ្នាំ២០១៧ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតឺន្នីសជើងឯកអាស៊ានក្រោយពីការកសាងទីលានរបស់ខខ្លួនរួចរាល់នោះ ៕
ដោយ៖ សារីម