ខេត្តតាកែវ៖ លោក អិុត សា អភិបាលស្រុកព្រៃកប្បាសខេត្តតាកែវនិយាយថានឹងបើកការស៊ើបអង្កេតផ្លូវច្បាប់ និងស្នើឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់ក្នុងការទៅទទួលសេវាព្យាបាលនៅមន្ទីរសម្រាកព្យាបាល និង សម្ភពសោមា ក្រោយពេលមានការរិះគន់ដ៏ចម្រូងចម្រាសពីសំណាក់ពលរដ្ឋ ថា មន្ទីរសម្រាកព្យាបាលនិងសម្ភពសោមា យកថ្លៃសេវាពិនិត្យព្យាលបាលរបៀបជាន់កដកស្លាប ។ មិនត្រឹមតែប៉ុណ្ណោះមន្ទីរសម្រាកមួយនេះបានបំភ័យអ្នកជំងឺពីជំងឺស្រាលទៅធ្ងន់ដើម្បីបន្ថែមថ្លៃឲ្យសេវាឲ្យច្រើនថែមទៀតទើបមានប្រតិកម្មដល់លោកអភិបាលស្រុកព្រៃកប្បាស ។
បើតាមលោក អិុត សា អភិបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា លោកនឹងកោះប្រជុំជាបន្ទាន់រឿងលោកនួន សុផាតប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាសនិងជាម្ចាស់មន្ទីរសម្រាកព្យាបាលខាងលើជុំវិញការលើកឡើងពីប្រជាពលរដ្ឋ។ លោកបន្ដទៀតថា មន្ទីរសម្រាកព្យាបាលនិងសម្ភពខាងលើលោកសង្ស័យថាមិនមានច្បាប់គ្រប់គ្រាន់នោះទេតែបើមិនមានច្បាប់ត្រឹមត្រូវក៏មានចំណុចខុសច្បាប់ច្រើនទៀតដែរដូចជាប្រពន្ធលោកនួន សុផាត មិនមានសិទ្ធិលក់ថ្នាំឬចេញវិក្កយបត្របត្រឲ្យអ្នកជំងឺនិងសេវាផ្សេងៗទេ ។ លោកអភិបាលស្រុកបន្ថែមទៀតថាលោកនឹងផ្សព្វផ្សាយឲ្យ ប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់ក្នុងការទៅ ទទួលសេវាពីមន្ទីរសម្រាកព្យាបាល និង សម្ភពខាងលើ ។ លោកអភិបាលស្រុកបាន បញ្ជាក់ថាលោកនឹងកោះហៅលោក ហ៊ីង សាមិត្រប្រធានការិយាល័យសុខាភិបាលប្រតិបត្តិស្រុកព្រៃកប្បាសចូលមកបំភ្លឺជុំវិញករណីខាងលើ ព្រោះការបើកលក់ឱសថថ្នាំពេទ្យក្នុង បន្ទប់សម្រាកព្យាបាលពេទ្យធ្មេញយ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់ទម្លាប់អី្វបន្តិចសោះ។
គួរបញ្ជាក់ថា លោក នួន សុផាតប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស និងជាម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភពសោមា មានទីតាំងនៅក្នុងភូមិព្រៃល្វាលិចឃុំព្រៃល្វា ស្រុកព្រៃកប្បាសខេត្តតាកែវបានទទួលស្គាល់ថាខ្លួនពិតជាបានប្រព្រឹត្តដូចការលើកឡើងពីសំណាក់បងប្អូនប្រជាពលរដ្ឋពិតប្រាកដមែនតែលោកនឹងធ្វើការកែលម្អតទៅទៀតព្រោះប្រពន្ធរបស់លោកមិនសូវយល់ដឹងច្រើន ៕
ដោយ៖ ជីសូរកា