ស្ត្រីខ្មែរមេម៉ាយកូន៤នាក់ ត្រូវអតីតប្រុសស្នេហ៍ជនជាតិថៃ ចាក់សម្លាប់នៅកន្លែងធ្វើការដោយសារភ្លើងប្រចណ្ឌ

ចែករំលែក៖

ប្រទេសថៃ៖ ស្ត្រីខ្មែរម្នាក់ដែលបម្រើការងារនៅហាងលក់ទំនិញមួយក្នុងខេត្តសមុទ្រប្រាកាន ត្រូវអតីតប្រុសស្នេហ៍ដែលជាជនជាតិថៃមកតាមរករឿងដល់កន្លែងធ្វើការ រួចហើយដកកូនកាំបិតចាក់សម្លាប់បន្ទាប់ពី​តាម​សុំ​ត្រូវរ៉ូវ​គ្នា​វិញ​តែ​មិនបាន​សម្រេច​។ ហេតុ​ការ​ណ៍ដ៏​រន្ធត់​នេះ​ បានកើត​ឡើងកាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ​ ២០២២ វេលា​ម៉ោង១១និង​៣០នាទី ថ្ងៃត្រង់ នៅក្នុង​ហាង​លក់ដូរ​មួយកន្លែង ក្នុង​ខេត្ត​សមុទ្រ​ប្រា​កាន ប្រទេស​ថៃ​។​

ប្រភពពីសាក្សី​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​និយាយថា នៅ​មុនពេល​កើតហេតុ គឺ​បុរស​ដែលជា​អតីត​ប្រុសស្នេហ៍ (​ជនជាតិ​ថៃ​) បាន​ចូល​មកដល់​កន្លែង​គិតលុយដែលជា​កន្លែង​ស្ត្រី​រងគ្រោះ​កំពុង​អង្គុយ​ធ្វើការ ដោយបាន​និយាយ​ចរចា​សុំ​ជា​គ្នា​វិញ​បន្ទាប់ពី​បាន​បែកបាក់​គ្នា​ជាច្រើន​ខែ​រួចមក​។ សាក្សី​បាន​បន្តថា នៅពេល​នោះគេ​ឃើញ​ភាគី​ស្ត្រី​រងគ្រោះ​បាន​ព្យាយាម​ដើរចេញ ប៉ុន្តែ​ខាង​ប្រុស​បាន​ដេញតាម​ដល់​កណ្តាល​ហាង​ក៏បាន​ដក​កូនកាំបិត​ពី​ចង្កេះ​ចាក់ទៅលើ​ស្ត្រី​រងគ្រោះ​ជាច្រើន​កាំបិត ទើបអ្នកនៅធ្វើការក្នុងហាងដាច់ចិត្ត​ហៅ​បុរស​ម្នាក់ទៀត​ដែល​នៅក្នុង​ហាង​ចូលទៅ​ចាប់​បុរស​ជា​ប្តី​ប្រគល់ឱ្យសមត្ថកិច្ច​តែម្តង​។​

គួរ​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ណុប ណា​រី អាយុ​៣៤ឆ្នាំ ជា​ជនជាតិខ្មែរ និងជា​ស្ត្រី​មេម៉ាយ​កូន​៤​នាក់ ចូលទៅ​បម្រើ​ការងារ​ក្នុងប្រទេស​ថៃ​ដោយ​ស្របច្បាប់ជាមួយនឹង​កូន រួម​នឹង​ប្អូនប្រុស​ម្នាក់​ទៀតបាន​រយៈពេល​ជាង​១ ឆ្នាំ​មកហើយ ដោយបាន​យកគ្នាជាគូសង្សារជាមួយ​ជនជាតិ​ថៃ​ឈ្មោះ វ៉ាន់ ឈុំ​ភូ​មឿង អាយុ​៣១ឆ្នាំ បាន​គ្នា​ក្នុង​រយៈពេល​ខ្លី ហើយ​ស្ត្រី​រងគ្រោះ​សុំបែកដោយសារតែ​ខាង​ប្រុស​ផឹកស្រា​ជាប្រចាំ និង​ប្រើប្រាស់​គ្រឿងញៀន ក្រោយមក​ម្នាក់ៗ​ក៏មាន​ដៃគូ​ថ្មី​រៀងៗ​ខ្លួន ប៉ុន្តែ​ខាង​ប្រុស​នៅតែ​ព្យាយាម​ទូរស័ព្ទ​ទៅ​គំរាម​នាង​មិនឱ្យមាន​អ្នកថ្មី​ជាដាច់ខាត។

នៅ​ចំពោះមុខ​សមត្ថកិច្ច​ថៃ ជនសង្ស័យ​បាន​សារភាពថា ​ខ្លួន​នៅតែ​ស្រលាញ់​នាង​បើទោះបីជា​បច្ចុប្បន្ន​ខ្លួន​មាន​ដៃគូ​ថ្មី​ក៏ដោយ ។ លុះ​នៅពេល​ឮដំណឹង​ថា ​នាង​មាន​អ្នកថ្មី​ដែលជា​មនុស្ស​ខ្លួន​ធ្លាប់​ស្គាល់​ទៀត​ទើប​មាន​ការខឹង​តែម្តង ហើយក៏​បាន​ទៅ​ទិញ​ស្រា​១​ដប​មក​ផឹក រួច​យក​កូនកាំបិត​សៀត​ចង្កេះ​ទៅរក​នាង​តែម្តង ឯ​ការបែកបាក់​គ្នាគឺ​ដោយសារតែ​ខ្លួន​ប្រើប្រាស់​គ្រឿងញៀន​ផង និង​ផឹកស្រា​ជាប្រចាំ​ផង​។
នៅពេល​នោះដែរ​សមត្ថកិច្ច​បាន​វាស់​ជាតិ​អាល់កុល​ទៅលើ​ជនសង្ស័យគឺមាន​កម្រិត១១២មិល្លី​ក្រាមក្នុង១លីត្រ​ខ្យល់ ព្រមទាំង​បាន​នាំខ្លួន​ទៅកាន់​ស្នងកា​រដ្ឋាន​ដើម្បី​សាកសួរ រួម​ជាមួយនឹង​កូនកាំបិត​ចុង​ស្រួច ដង​ខ្មៅ​ប្រវែង​៣០សង់ទីម៉ែត្រដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print