ប្រទេសជប៉ុន ៖ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុនបានរៀបចំ កម្មវិធីសង្គ្រាន្តខ្មែរនៅជប៉ុន ដើម្បីអបអរសាទរចូលឆ្នាំថ្មី ដោយមានការចូលរួមពីភ្ញៀវកិក្តិយសនៃក្រសួងការបរទេសជប៉ុន បងប្អូនប្រជាពលរដ្ឋ និស្សិត ខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនប្រហែលជា ២៥០នាក់ ។
ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានលើកឡើងថា, ក្នុងឱកាសដ៏សប្បាយរីករាយនេះ មានការរៀបចំពិធីសម្ដែងរបាំប្រពៃណីខ្មែរ លេងល្បែងប្រជាប្រិយ រាំលេងកម្សាន្ត និងពិសារអាហារសាមគ្គីផងដែរ។
ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន ក៏សូមអរគុណ ភ្ញៀវកិត្តិយស បងប្អូនប្រជាពលរដ្ឋ និស្សិត ខ្មែរទាំងអស់ បានចំណាយពេលវេលាដ៏មានតម្លៃសម្រាប់ការចូលរួមកម្មវិធីខាងលើ ។
ការចូលរួមពីសំណាក់បងប្អូនបានបង្ហាញនូវសាមគ្គីភាព និងការលើកស្ទូយវប្បធម៌ប្រពៃណីជាតិយើង បើទោះបីជាបងប្អូនរស់នៅក្រៅប្រទេសក្តី ។
ស្ថានឯកអគ្គរាជទូតសូមបួងសួងដល់ទេវតាឆ្នាំថ្មី សូមជួយបីបាច់ថែរក្សា និងប្រោះព្រំសព្ទសាធុការពរ សេរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូន ភ្ញៀវកិក្តិយស បងប្អូនប្រជាពលរដ្ឋ និស្សិត ខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសជប៉ុនទាំងអស់ សូមប្រកបដោយពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕