ភ្នំពេញ៖ បុរស២នាក់បានស្លាប់នៅនឹងកន្លែង ខណៈបើកម៉ូតូតាមផ្លូវត្រូវរថយន្តក្រឡុកស៊ីម៉ងត៍បើកបុកពីក្រោយ រួចកិនពីលើម៉ូតូជាប់អូសទៅមុខជាច្រើនម៉ែត្រ។ នេះបេីយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកចន្ទទី១១ ខែមេសា ឆ្នាំ២០២២។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ចំណុចស្តុប វត្តស្លែង ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
របាយការណ៍ដដែល បន្តថា សពជនរងគ្រោះទី១. មានឈ្មោះ ភនធារ៉ា អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិក្រចាប់ ឃុំព្រៃ ឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ សពជនរងគ្រោះទី២.មានឈ្មោះ វ៉ាន់ ចាន់បូរ៉ា អាយុ៣៦ឆ្នាំ មានស្រុកកំណើត នៅភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងទៀតថា មុនកើតហេតុគេបានឃើញបុរស២នាក់ បើកម៉ូតូម៉ាក ហិងសា PCXពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IW-3018 ជិះឌុបគ្នាតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុស្តុបវត្តស្លែង បានបត់ស្តាំជិះតាមបណ្តោយផ្លូវព្រៃសវិញ ស្រាប់តែគេឃើញបុរសម្នាក់ បើករថយន្តក្រឡុកស៊ីម៉ងត៍ ពណ៌ស្លែពាក់ស្លាកលេខ ព្រះសីហនុ 5A-0911 បើកស្របទិសគ្នាមកពីក្រោយយ៉ាងលឿន បុកម៉ូតូPCX ពេញទំហឹងរួចកិនពីលើអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរស២នាក់ ស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើកបរសមត្ថកិច្ចឃាត់អ្នកបើករថយន្តបង្កបានភ្លាមៗនៅកន្លែងកើតហេតុ។
បន្ទាប់កើតហេតុសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យវាស់វែងស្ទូចយករថយន្តនិងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ ហើយសមត្ថកិច្ចជំនាញ បានធ្វើកំណត់ហេតុប្រគល់សពឲ្យទៅរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រងចាំសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ជ្រោយពេជ្រ