ភ្នំពេញ : “សន្តិភាព” បានផ្តល់ឱ្យកម្ពុជានូវឱកាសក្នុងការរីកចម្រើនទាំងកម្រិតជីវភាពបុគ្គល និងសង្គម ព្រមទាំងផ្តល់នូវលទ្ធភាពក្នុងការគោរពប្រតិបត្តិជំនឿសាសនា តាមប្រពៃណីរៀងៗខ្លួនដោយភាពសប្បាយ រីករាយ។ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ការធានានូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា នៅតែជាគោលនយោបាយអាទិភាពរបស់កម្ពុជា គឺ“គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ ពោលមានតែសុខដុមនីយកម្ម” ទាំងសម្រាប់អ្នកកាន់សាសនាព្រះពុទ្ធ ឥស្លាម និងសាសនានានា។ នេះប្រសាសន៍លើកឡើងរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធីពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ឆ្នាំ២០២២ ជាមួយថ្នាក់ដឹកនាំ និងសាសនិកខ្មែរឥស្លាមកម្ពុជា នៅរាជធានីភ្នំពេញនាយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
លោកបានថ្លែងបន្តថា រាជរដ្ឋាភិបាល ក៏បានផ្តល់ការអនុញ្ញាត និងការឧបត្ថម្ភដ៏មហាធំធេងដល់សហគមន៍ខ្មែរឥស្លាម រួមមានជាអាទ៌៖ ការបើកឲ្យទទួលជំនួយដើម្បីអភិវឌ្ឍនសហគមន៍, ការបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ១៥០០នាក់ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា, ការអនុញ្ញាតឲ្យសិស្ស-និស្សិតស្ត្រីឥស្លាម អាចទទូលហ៊ីយ៉ាបក្នុងការចូលសិក្សាតាមគ្រឹះស្ថានអប់រំសាធារណ:, ការអនុញ្ញាតឲ្យសាសនិកឥស្លាមអាច ស្លៀកសំលៀកបំពាក់តាមប្រពៃណីរបស់ខ្លួន ក្នុងការថតរូបដើម្បីធ្វើឯកសារនានា, ការអនុញ្ញាតឲ្យមាននូវស្ថាប័ន Halal កម្ពុជា និងការរៀបចំសកម្មភាពចូលរួមគាំទ្រផ្សេងៗដល់សហគមន៍ខ្មែរឥស្លាមផងដែរ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជានិច្ចកាល ប៉ុន្មានឆ្នាំកន្លងមកនេះ តែងតែចូលរួមពិសារអាហារស្រាយបួសខែរ៉ាម៉ាឌន ជាមួយប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាមរាប់ពាន់នាក់ លើកលែងតែឆ្នាំកន្លងទៅ ដែលកើតមានស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩។ ហើយឆ្នាំនេះ តាមរយៈហ្វេសប៊ុក សម្តេច ក៏បានសុំការអធ្យាស្រ័យយោគយល់ពីសំណាក់បងប្អូនសាសនិកខ្មែរឥស្លាមទាំងអស់ផងដែរ ចំពោះការផ្អាកកម្មវិធីជួបជុំស្រាយបួសខែរ៉ាម៉ាឌនទ្រង់ទ្រាយធំថ្នាក់ជាតិលើកទី៩ នៅឆ្នាំ២០២២ នេះ ដោយសារជំងឺកូវីដ-១៩ នៅមិនទានទៅណាឆ្ងាយនៅឡើយ។ ទោះបីយ៉ាងណាក្តី សម្តេច ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាក៏បានអនុញ្ញាតឱ្យមានការថ្វាយបង្គំនៅតាមវិហារ (ម៉ាស្ជិទ ស៊ូរ៉ាវ) ការជួបជុំលក្ខណៈសាសនាឡើងវិញ រួមនឹងកម្មវិធីផ្សេងៗ ដោយអនុវត្តទៅតាមសារាចរណែនាំ និងវិធានសុខាភិបាល ក៏ដូចជាសេចក្តីណែនាំនានារបស់ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា។
យោងតាម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អត្ថន័យដ៏សំខាន់ក្នុងទិដ្ឋភាពនៃការចូលរួមពិសារអាហារស្រាយបួសខែរ៉ាម៉ាឌនរួមគ្នាក្នុងថ្ងៃនេះ គឺជា:
១- ភស្តុតាងនៃសុខដុមភាវូបនីយកម្មសាសនានៅកម្ពុជា និងជាការចូលរួមគោរពផ្តល់តម្លៃចំពោះជំនឿសាសនា ទំនៀមទម្លាប់ និងប្រពៃណីដ៏បវររបស់សាសនិកឥស្លាម, ២-ការបង្ហាញនូវសាមគ្គីភាពក្រោមដំបូលនៃការដឹកនាំតែមួយ និងក្នុងនាមពលរដ្ឋខែ្មរតែមួយ ជាការឆ្លុះបញ្ចាំងអំពីវប្បធម៌ចែករំលែក សេចក្តីស្រលាញ់ ការឱ្យទាន និង ៣- ការផ្តល់ឱកាសសិក្សាស្វែងយល់អំពីគ្នាទៅវិញទៅមក ជាពិសេសអត្ថន័យដ៏ពិសិដ្ឋ និងផលប្រយោជន៍នៃការបួសខែរ៉ាម៉ាឌនរបស់សាសនិកឥស្លាម ទាំងផ្នែកជំនឿសាសនា សង្គម និងសុខភាព។
សូមបញ្ជាក់ថា, សាសនាឥស្លាម ពិសារអាហារស្រាយបួសខែរ៉ាម៉ាឌនរួមគ្នា ជាការប្រកាន់ភ្ជាប់នូវទំនៀមទំលាប់សាសនា ក្រោមដំបូល សន្តិភាព ។
ដោយឡែកប្រជាពលរដ្ឋខ្មែរ កុំភ្លេចណា តោះ! មកលេង «សៀមរាបសង្រ្កាន្ត២០២២» ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី១២-១៣-១៤-១៥-១៦ ខែមេសា ឆ្នាំ២០២២ ខាងមុខ នេះ ទាំងអស់គ្នា! #សៀមរាបសង្រ្កាន្ត #សៀមរាបផ្ទះខ្ញុំ
#ភូមិសង្រ្កាន្ត #តោះ!តោះ!ជិះទូកកំសាន្ត
#ភូមិអាហារនៃក្ដីស្រលាញ់ #ផ្សារបណ្ដែតទឹក ជាពិសេសទាំង២៥ តាមបណ្តារាជធានី-ខេត្ត បានរៀបចំសង្ក្រាន្តឆ្នាំថ្មី គ្រប់ទីកន្លែង ខណៈកម្ពុជាទប់ស្កាត់ ជំងឺកូវីដ-១៩ បានជោគ ឈានដល់ទទួលចំណាត់ថ្នាក់លេខ ២ លើពិភពលោក និងលេខ១ ក្នុងតំបន់អាស៊ាន ៕
ដោយ : សហការី