ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលឆោឡោកើតឡើងបន្ទាប់គេប្រទះឃើញពីស្ត្រីវ័យចំណាស់ម្នាក់ដេកស្លាប់ផ្កាប់មុខនៅលើគ្រែក្នុងរោងបាយក្រោយផ្ទះ។
ហេតុកាណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុចភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ សឿន ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពបន្តថា កន្លងមកជនរងគ្រោះមានជំងឺប្រចាំកាយ គឺជម្ងឺសួត និងបានទៅព្យាបាលនៅមន្ទីរពេទ្យ តែពុំបានជាសះស្បើយទេ ដោយស្នាក់នៅក្នុងផ្ទះតែម្នាក់ឯង ។ នៅថ្ងៃកើតហេតុវេលាម៉ោង៦នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ឈ្មោះ ឆាំ គឹមស្រៀង ភេទស្រី ជាអ្នកជិតខាងបានមកហៅឈ្មោះ ម៉ៅ សឿន ឱ្យទៅយកចេកនៅផ្ទះខ្លួនស្រាប់តែប្រទះឃើញឈ្មោះ ម៉ៅ សឿន ដេកស្លាប់ផ្កាប់មុខនៅលើគ្រែក្នុងរោងបាយក្រោយផ្ទះ ឃើញដូច្នេះឈ្មោះ ឆាំ គឹមស្រៀង បានស្រែកផ្អើលឆោឡោដល់អ្នកជិតខាង និងរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយពិនិត្យសាកសពដោយហ្មត់ចត់ឃើញថា ពុំមានឃើញស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ទេ ជនរងគ្រោះពិតជាស្លាប់ដោយខ្យល់គ ប្រាកដមែន រួចក៏បានប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស្អាងជ័យ