រយៈពេល០៣ថ្ងៃ សូមស្វាគមន៍ព្រឹត្តិការណ៍សង្រ្កាន្តត្បូងឃ្មុំឆ្នាំថ្មី ថ្ងៃ១៤ ១៥ និង១៦ មានលេងល្បែងប្រជាប្រិយ តាំងពិពរណ៍ និងការប្រគុំតន្ត្រីយ៉ាងអធិកអធម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ អង្គភាពមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានបញ្ជាក់អោយដឹងនៅរសៀលថ្ងៃទី១៤ ខែមេសាឆ្នាំ២០២២ ថា៖ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ឆ្នាំកុរ ឯកស័ក . ២៥៦៦ ព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំឆ្នាំថ្មី ដែលរៀបចំដោយរដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានបើកដំណើរការជាផ្លូវការហើយ នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២  នៅបរិវេណវត្តហ្លូងព្រះស្តេចកន(ព្រៃនគរក្នុង)

ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះ បានបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាពបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ក្នុងនោះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជំវិញខេត្ត អភិបាលស្រុក សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស  ព្រមទាំងប្រជាពលរដ្ឋជាច្រើនកុះករ។

ថ្លែងនាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំឆ្នាំ២០២២នេះ ត្រូវបានរៀបចំចំនួន២ទីតាំង នៅរមណីយដ្ឋានហ្លួងព្រះស្តេចកន (វត្តព្រៃនគរក្នុង) បង្ហាញនៃការលេងល្បែងប្រជាប្រិយ៍ជាទំនៀមទំលាប់ប្រពៃណីខ្មែរ បានស្គាល់ពីទម្រង់សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏សម្បូរបែប និងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ (មាត់ទន្លេសិប្បនិម្មិត)  បាននាំមកនូវការតាំងពិព័រណ៍ជាច្រើន និងការប្រគុំតមន្ត្រី ដើម្បីជូនដល់ភ្ញៀវជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋទស្សនាកំសាន្តសប្បាយ។

ទន្ទឹមនឹងការរៀបចំសង្ក្រាន្តឆ្នាំថ្មីនេះ គឺបានផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ តាមរយៈការទាក់ទាញភ្ញៀវទេសចរ ចូលមកទស្សនាកម្សាន្តកាន់តែច្រើនឡើងថែមទៀតផង។ម៉្យាងទៀតក៏ជាការផ្ដល់នូវភាពសប្បាយរីករាយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាសំខាន់ឆ្លុះបញ្ចាំង ពីការសាមគ្គីភាព មិត្តភាព ក្នុងចំណោមមហាក្រុមគ្រួសារខ្មែរទាំងអស់ ក្នុងស្រទាប់យុវជនជាពិសេសដើម្បីបង្ហាញអំពីកេរ្តិ៍តំណែលវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ខ្មែរយើង ដែលជាមោទនភាពជាតិ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ  បានបន្ថែមទៀតថា  ក្រោយពីមានថ្ងៃ៧មករា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចតេជោ  ហ៊ុន  សែន  ជានាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា  មកមានសេ្ថរភាព នយោបាយ ពេញលីង  មានការកសាងការអភិវឌ្ឍន៍សមិទ្ធផលថ្មីៗមានជាបន្តបន្ទាប់  និងមានបន្តការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំឡុងពេលកម្ពុជាជួបវិបត្តិកូវីដដោយមិនឲ្យកម្ពុជាទៅរកភាពអតីតកាលឡើយ។

លោកបណ្ឌិត អភិបាលខេត្ត បានកោតសរសើរ ដល់អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដែលបានចូលរួមថែរក្សាការពារ សណ្ដាប់ធ្នាប់ក្នុងព្រឹត្តិការណ៍សៀមរាបសង្រ្កាននេះបានយ៉ាងល្អ  សំខាន់ការផ្ដល់លទ្ធភាពឱ្យយុវជនយើង បានចូលរួមក្នុងសកម្មភាពផ្សេងៗដើម្បីជួយជំរុញការអភិវឌ្ឍសង្គម ដូចជាព្រឹត្តិការណ៍សង្រ្កាន្តត្បូងឃ្មុំឆ្នាំថ្មីនេះជាដើម៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print