ខេត្តសៀមរាប ៖ នៅថ្ងៃទី១៤ខែមេសា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ករណីអំពើលួចមានស្ថានទម្ងន់ទោស (កាត់សោរ យកម៉ូតូ) ។ នេះបើយោងតាមការបញ្ជាក់ពីស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅយប់ម៉ោង១១និង៣០នាទី ថ្ងៃទី១៥ ខែមេសា។
សមត្ថកិច្ចបានបញ្ជាក់តាមរបាយការណ៍ថា,
០១. ឈ្មោះ ខាន់ វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
០២. ឈ្មោះ ជា ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ
០៣. ឈ្មោះ សុខ លីណា ភេទស្រី អាយុ៣៥ឆ្នាំ អ្នកទាំង០២មានទីលំនៅផ្ទះជួលភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ។
សូមបញ្ជាក់ថា, លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រហ្មទណ្ឌបានបញ្ជាក់ថា : កាលពីថ្ងៃទី១៣ ខែមេសាឆ្នាំ២០២២ វេលាម៉ោង១៦:០០នាទី មានជនរងគ្រោះឈ្មោះ ផាន់ រតនា ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ បានមកប្តឹងរាយការណ៍ជូនសម្ថកិច្ចថារូបគេបានបាត់ម៉ូតូ០១គ្រឿងម៉ាក Honda Click ពណ៌ស ឆ្នាំ២០២១ លេខតូរលេខម៉ាស៉ីន ៨០៧២០០២ ពាក់ស្លាកលេខ សៀមរាប ១AM ៩១៧២ ។
ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចជំនាញបានចុះទៅដល់កន្លែងកើតហេតុរហូតកំណត់បានមុខសញ្ញាចំនួន ០២នាក់ខាងលើ
០១ . ឈ្មោះ ផាន់ វាសនា
០២ . ឈ្មោះ ជា ពិសិដ្ឋ ។
តាមការសាកសួររបស់សមត្ថកិច្ចជំនាញ ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថានៅក្នុងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ពួកគេបានធ្វើសកម្មភាពលួចកាត់សោរបន្ទប់យកម៉ូតូចំនួន០២គ្រឿង :
ទី ០១ : ម៉ាក Honda Dream 2019 ពាក់ស្លាកលេខ សៀមរាប 1AG 6407 ពណ៌ក្រហម លេខតួរ_ម៉ាស៉ីន 5540333 និងទី០២ម៉ាក Honda Dream 2022 ពាក់ស្លាកលេខសៀមរាប 1AI 6831 ពណ៌ខ្មៅ លេខតួរ_ម៉ាស៉ីន 5715727 ពីបន្ទប់ជួលភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។ ហើយនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ពួកគេទាំងពីរនាក់បានធ្វើសកម្មភាពលួចកាច់សោរម៉ូតូយកបានចំនួន០២គ្រឿង ០១ ម៉ាក Honda Dream 2020 ពណ៌ខ្មៅ ស្លាកលេខសៀមរាប 1AJ 1825 លេខតួរ_ម៉ាស៉ីន 5781926 និងទី០២ម៉ាក Honda Click ពណ៍ស ឆ្នាំ2021 ពាក់ស្លាកលេខសៀមរាប 1AM 9172 លេខតួរ_ម៉ាស៉ីន 8072002 ។
តាមចម្លើយសារភាពរបស់ជនសង្ស័យម្នាក់ទៀតឈ្មោះ សុខ លីណា ភេទស្រី អាយុ៣៥ឆ្នាំ បានឆ្លើយថាចំពោះម៉ូតូទាំង០៤គ្រឿង និងសម្ភារះមួយចំនួនទៀតដែលសម្ថកិច្ចបានឆែកឆេររកឃើញគឺពិតជារបស់ឈ្មោះ ជា ពិសិដ្ឋ ដែលត្រូវជាប្តីរបស់ខ្លួនយកមកលាក់ទុកនៅផ្ទះជួលរបស់ខ្លួនពិតមែន ។
បន្ទាប់មក សមត្ថកិច្ចបានបន្តចុះទៅឆែកឆេរលំនៅដ្ឋានស្នាក់នៅរបស់ឈ្មោះ ជា ពិសិដ្ឋ និងប្រពន្ធឈ្មោះ សុខ លីណា ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប ហើយរកឃើញ ម៉ូតូទាំង០៤គ្រឿងខាងលើដែលពួកគេបានធ្វើសកម្មភាពកាត់សោរបន្ទប់លួចយក និងកាត់សោរលួចយកកាលពីថ្ងៃទី១២ និង១៣ ខែមេសា ឆ្នាំ២០២២ និងម៉ូតូចំនួន ០២គ្រឿងទៀតម៉ាក ទី០១ Wave អាល់ហ្វា ពណ៍ខ្មៅ ស្លាកលេខ ព្រះសីហនុ 1C 3733 លេខតួរ_ម៉ាស៉ីន 5570141 និងទី០២ម៉ាក Honda Dream 2019 ពាក់ស្លាកលេខ បន្ទាយមានជ័យ1Q 8134 លេខតួរ_ម៉ាស៉ីន 9614297 ចំពោះម៉ូតូ០២គ្រឿងទៀត សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវបន្ត ។
លោកឧត្តមសេនីយ៍ត្រីស្នងការរងបានបន្តថា ក្នុងពេលកម្លាំងសមត្ថកិច្ចចុះឆែកឆេរបានរកឃើញវត្ថុតាងរួមមានសោរកាច់ចំនួន ០៨ផ្លែ ស្លាកលេខម៉ូតូចំនួន ០៤ និងសម្ភារះមួយចំនួនសំរាប់ធ្វើសកម្មភាពកាច់សោរម៉ូតូ ដែលមាននៅក្នុងរូបថត និងនៅក្នុងកំណត់ហេតុឆែកឆេរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដេីម្បីនីតិវិធីបន្ត ៕
ដោយ : សហការី