អ្នកជំនាញការមិនសាយភាយអាវុធរបស់កម្ពុជា អាមេរិក បើកសិក្ខាសាលាស្តីពីការ​ការពារជាអន្តរជាតិលើអាវុធនុយក្លេអ៊ែរ

ចែករំលែក៖

សិក្ខាសាលាអន្តរជាតិមួយស្តីពីការពារអាវុធនុយក្លេអ៊ែរ និងពិធីសារបន្ថែម (AP) ដែលឧបត្ថម្ភដោយ រដ្ឋបាល​សន្តិសុខជាតិផ្នែកអាវុធនុយក្លេ​អ៊ែររបស់ក្រសួងថាមពលនៃ​សហ​រដ្ឋអាមេរិក (DOE/NNSA) បានត្រូវ​បិទបញ្ចប់នៅថ្ងៃនេះ នៅសណ្ឋាគារសាន់វ៉េ។ សិក្ខាសាលានោះត្រូវបានរៀបចំដោយក្រសួងរ៉ែ និងថាមពល កម្ពុជាហើយ​មានការចូលរួមរបស់ឯកឧត្តម បណ្ឌិត ចាន់ សូដា​វត្ថ អគ្គនាយករងមកពីក្រសួងរ៉ែនិងថាមពល ព្រមទាំង​តំណាង​នៃក្រសួងថាមពលសហរដ្ឋអាមេរិក ទីភ្នាក់ងារ​ថាមពលអាតូមិកអន្តរជាតិ (IAEA) និងស្ថាន​ទូតសហ​រដ្ឋអាមេរិក នៅប្រទេសកម្ពុជា។

ដូចដែលត្រូវបានកត់សំគាល់ដោយលោកស្រី Anne Harrington អនុប្រធានផ្នែកទប់ស្កាត់ការសាយ​ភាយនៃអាវុធនុយក្លេ​អ៊ែរ នៅក្នុង DOE/NNSA ថា “ជាយូរមកហើយ សហរដ្ឋអាមេរិកបានចាត់ទុកប្រព័ន្ធការ​ពារ​ជាអន្តរជាតិថាជាសសរស្តម្ភយ៉ាងសំខាន់​នៃយុទ្ធសាស្រ្តនៃការការពារការសាយភាយនៃអាវុធនុយក្លេ​អ៊ែរ។ លោកប្រធានាធិបតី Obama បានថ្លែងបញ្ជាក់ម្តងទៀត​នូវសារៈសំខាន់នៃការការពារ នៅក្នុងសុន្ទរកថារបស់​លោក កាលពីឆ្នាំ ២០០៩ នៅទីក្រុង Prague ដោយនៅពេលនោះ លោកបានអំពាវនាវអោយមាន “ធនធាន​និងអំណាចបន្ថែមទៀត” សំរាប់ការធ្វើអធិការកិច្ចជាអន្តរជាតិ។ DOE/NNSA ធ្វើសហប្រតិបត្តិការជាមួយ​ប្រទេសចំនួនជាង ៣០ ទាក់ទងនឹងរឿង​នេះ ដោយបានជួយអាជ្ញាធរតំបន់និងរដ្ឋក្នុងការបង្កើតប្រព័ន្ធដែល​មានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ”។

នៅក្នុងសិក្ខសាលា អ្នកឯកទេសមកពី DOE/NNSA និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានធ្វើបទបង្ហាញ ហើយបានធ្វើការពិភាក្សាគ្នា ដើម្បីផ្តល់អោយសិក្ខាកាមនូវព័ត៌មានសំរាប់រៀបចំសេចក្តី​ប្រកាស​ស្តីពីការការពារអាវុធនុយក្លេ​អ៊ែរជាអន្តរជាតិ ដែលជាវិធានការបច្ចេកទេសអនុវត្តដោយទីភ្នាក់ងារ IAEA ដើម្បីបញ្ជាក់ថា សារធាតុនុយក្លេអ៊ែររបស់ប្រទេសមួយគ្មានបាត់ ហើយមិនត្រូវបានបង្វែរសំរាប់សកម្មភាព​មិន​សន្តិភាព។ ការពិភាក្សានៅក្នុងនោះក៏ទាក់ទងផងដែរទៅលើវិធីអនុវត្តពិធីសារបន្ថែម (AP) និងវិធានការការ​ពារអាវុធនុយក្លេ​អ៊ែរជាអន្តរជាតិដោយស្ម័គ្រចិត្តបន្ថែមទៀត ដែលផ្តល់អោយ IAEA នូវសិទ្ធិកាន់តែច្រើនឡើង​ក្នុង​ការទទួលបានព័ត៌មាន និងចូលដល់ទីតាំងនានា និងការត្រួតមើលជារួម ទៅលើលទ្ធភាពបែបនេះ​បន្ថែម​ទៀត ដែលជាផ្នែកសំខាន់មួយ​នៃ AP ។

នៅក្នុងសុន្ទរកថាបិទ លោក Samuel Downing មន្រ្តីផ្នែកនយោបាយរបស់ស្ថានទូតអាមេរិក បាន​សរសើរប្រទេសកម្ពុជា ដែលបានដាក់អោយ AP ចូលជាធរមាន នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៥ ជាផ្នែក​មួយ​នៃការប្តេជ្ញាចិត្តរបស់ខ្លួន​ចំពោះការមិនសាយភាយ​នៃអាវុធនុយក្លេ​អ៊ែរ។ លោកថែមទាំងបានកត់សំគាល់​សារៈសំខាន់នៃការបន្តការងារលើរឿង​នេះ ពីព្រោះវារួមចំណែកដល់ការយល់ដឹងលើសមាសភាគបច្ចេកទេស​នៃ AP ដែលអាចជួយដល់ការអនុវត្តរបស់ប្រទេសកម្ពុជា។ ការធ្វើអោយ AP ចូលជាធរមានគឺជាព្រឹត្តិការណ៍​ដ៏​សំខាន់មួយ​សំរាប់រដ្ឋជាសមាជិកនៃ IAEA ហើយសិក្ខាសាលាបានផ្តោតការយកចិត្តទុកដាក់ទៅលើការជួយ​របស់ AP ដើម្បីធានាថា សូម្បីតែរដ្ឋ ដូចជាប្រទេសកម្ពុជា ដែលមានសារធាតុនុយក្លេ​អ៊ែរតិចតួច ក៏ត្រូវមាន​ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពទ្រទ្រង់ដល់ការការពារ ដើម្បីបំពេញការទទួលខុសត្រូវរបស់គេដែរ។មកដល់​ពេលនេះ មានប្រទេសចំនួន ១៤៧ ហើយដែលបានចុះហត្ថលេខាលើ AP ហើយ ១២៦ ប្រទេសក្នុងចំណោម​ប្រទេសទាំងនោះ បានដាក់អោយ AP ចូលជាធរមាន។

ដោយត្រូវបានបង្កើតឡើងដោយសភាសហរដ្ឋអាមេរិកនៅឆ្នាំ ២០០០ NNSA គឺជាទីភ្នាក់ងារពាក់​កណ្តាលស្វយ័តនៅក្នុងក្រសួងថាមពលសហរដ្ឋអាមេរិក ដែលទទួលខុសត្រូវលើការលើកកំពស់សន្តិសុខជាតិ តាមរយៈការអនុវត្តរបស់ផ្នែកយោធាលើវិទ្យាសាស្រ្តនុយក្លេអ៊ែរ។ NNSA ថែរក្សាសុវត្ថិភាព សន្តិសុខ និងប្រសិទ្ធ​ភាព​នៃអាវុធនុយក្លេ​អ៊ែរដែលនៅក្នុងឃ្លាំងរបស់សហរដ្ឋអាមេរិក ដោយមិនធ្វើការបំផ្ទុះសាកល្បងនៃអាវុធ​នុយ​ក្លេអ៊ែរ ធ្វើការដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់សាកលលោកពីអាវុធប្រល័យលោកនេះ ផ្តល់អោយកំលាំង​ជើង​ទឹក​អាមេរិកកំលាំងនូវថាមពលនុយក្លេ​អ៊ែរសំរាប់រុញស្លាបចក្រនាវា ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព ហើយឆ្លើយតប​នឹងគ្រាអាសន្ននុយក្លេអ៊ែរ និងដែលមានធ្លាយវិទ្យុសកម្ម នៅសហរដ្ឋអាមេរិក និងនៅបរទេស។បើចង់ដឹងបន្ថែម​សូមចូលមើលគេហទំព័រ www.nnsa.energy.gov

image002

(ពីឆ្វេងទៅស្តាំ) លោកស្រី Linda H. Hansen មកពីមន្ទីរពិសោធន៍ជាតិ Argonne របស់ក្រសួងថាមពល​សហរដ្ឋអាមេរិក លោក Samuel Downing មន្រ្តីផ្នែកនយោបាយរបស់ស្ថានទូតអាមេរិក បណ្ឌិត ចាន់ សូដា​វត្ថ អគ្គនាយករងមកពីក្រសួងរ៉ែនិងថាមពល លោក John Lepingwell អធិការជាន់ខ្ពស់សំរាប់កិច្ចសំរបសំរួល​ថ្នាក់រដ្ឋ នៃទីភ្នាក់ងារ IAEA លោក Mark H. Killinger មកពីមន្ទីរពិសោធន៍ជាតិ Pacific Northwest National Laboratory នៃក្រសួងថាមពលសហរដ្ឋអាមេរិក៕

 

ដោយ៖ សីលា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print