ខេត្តកណ្តាល : នៅព្រឹកថ្ងៃទី ១៦ ខែមេសានេះ ដែលត្រូវជាថ្ងៃទី៣ នៃឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងការប្រារព្ធព្រឹត្តិការណ៍សង្ក្រាន្តខេត្តកណ្តាលឆ្នាំនេះគឺមិនខុសគ្នាពីថ្ងៃទី១ និងថ្ងៃទី២ទេ គឺរដ្ឋបាលខេត្តកណ្តាលដែលដឹកនាំដោយលោក គង់ សោភណ្ឌ័ អភិបាលខេត្ត បានរៀបចំនូវកម្មវិធីកម្សាន្តសប្បាយជាច្រើនបែបផែន ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការចួលរួមសប្បាយរបស់បងប្អូនប្រជាពលរដ្ឋទូទៅ និងភ្ញៀវបរទេសនៅក្នុងទឹកដីខេត្តកណ្តាល នាឱកាសចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំខាលនេះ ។ ក្នុងចំណោមកម្មវិធីកម្សាន្តសប្បាយជាច្រើនបែបផែនដែលត្រូវបានរៀបចំដោយអាជ្ញាធរខេត្តកណ្តាល ក្នុងនោះក៏មានការប្រណាំងកង់ចំងាយ 30គីឡូម៉ែត្រ ដោយមានការចូលរួមទាំងអ្នកអាជីព និងអ្នកមិនអាជីពជាង ២០០នាក់ ដែលជាការប្រណាំងបែបកម្សាន្តសប្បាយនៃការអបអរឆ្នាំថ្មី ។
ថ្លែងក្នុងពិធីបើកកម្មវិធីប្រណាំងកង់នៅព្រឹកនេះអភិបាលរងខេត្តកណ្តាលលោក ប្រាក់ សារ៉ាត បានបញ្ជាក់ថា ការចូលរួមប្រណាំងកង់របស់បងប្អូននៅពេលនេះ គឺបានបង្ហាញពីការចួលរួមលេងកីឡារបស់បងប្អូន ដើម្បីសុខភាពរឹងមាំ និងក៏បានបង្ហាញពីការចូលរួមបងប្អូនប្រជាពលរដ្ឋយើងជាមួយនឹងអាជ្ញាធរខេត្ត ដើម្បីញ៉ាំងអោយមានភាពអធិកអធមឡើងថែមទៀតក្នុងកម្មវិធីសង្ក្រាន្តខេត្តកណ្តាលឆ្នាំ២០២២នេះ ខណៈរយះ2កន្លងទៅហើយ ដែលខេត្តកណ្តាល និងបណ្តាខេត្តដទៃទៀតទូទាំងប្រទេសបានខកខានប្រារព្ធពិធីអបអរឆ្នាំថ្មីប្រពៃណីជាតិខ្មែរទ្រង់ទ្រាយធំបែននេះ ដោយសារវិបត្តិជំងឺកូវីដ១៩ ។ លោកក៏សង្ឃឹមដែរថា តាមរយះព្រឹត្តការណ៍សង្ក្រាន្តខេត្តកណ្តាលឆ្នាំនេះ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវអន្តរជាតិ និងអ្នកវិនិយោគផងដែរនឹងបានឃើញពីសក្តានុពល និងភាពរីកចំរើនឥតឈប់ឈរក្នុងទឹកដីខេត្តកណ្តាលទាំងមូលក៏ដូចជាក្រុងតាខ្មៅក្រោមម្លប់សន្តិភាពបច្ចុប្បន្ននៃការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ។
សូមបញ្ជាក់ថា កម្មវិធីប្រណាំងកង់ដើម្បីអបអរសាទរព្រឹត្តការណ៍សង្ក្រាន្តខេត្តកណ្តាលនេះមានទាំងអ្នកអាជីព និងអ្នកមិនអាជីពជាង ២០០នាក់ចូលរួម ដោយប្រណាំងលើចំងាយផ្លូវ ៣០គីឡូម៉ែត្រ ហើយចំណុចចាប់ផ្តើមចេញដំណើរគឺទីតាំងវេទិកាពិពណ៌សួនច្បារមាត់ទន្លេក្រុងតាខ្មៅ ឆ្ពោះទៅវត្តឈូងលាភតាមផ្លូវលេខ២១ រួចជិះត្រឡប់មកទីតាំងវេទិកាវិញ ដែលជាគោលដៅបញ្ចប់ ខណៈអ្នកទទួលបានជ័យលាភីគឺកំណត់យកពីលេខ ១ ដល់លេខ ៦ ដោយទទួលបានប័ណ្ណសរសើរ និងថវិកាលើកទឹកចិត្ត ៕
ដោយ ; សិលា